(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជម្រាបជូនរដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ី នៃចក្រភពអង់គ្លេសថា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយដែលកម្ពុជា មានជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងជាជាពិសេសការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃកាន់តែមានភាពល្អប្រសើរ ដែលជាឱកាសទទួលបានប្រាក់ចំណូលពីការលក់ឥណទានកាបូន និងលើកកម្ពស់ថាមពលស្អាត។

ការថ្លែងនេះធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយលោកស្រី Amanda Milling រដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ី នៃចក្រភពអង់គ្លេស នៅទីក្រុង Glasgow ចក្រភពអង់គ្លេសនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះក្នុងក្របខណ្ឌនៃការចូលរួមសន្និសីទកំពូលនៃភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងសន្និសីទកំពូលនៃភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅចក្រភពអង់គ្លេស។

ក្នុងឱកាសជួបពិភាក្សានោះ លោកស្រីរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។

សម្រាប់ជំនួបនេះដែរ ភាគីទាំងពីរបានប្តេជាចិត្ត បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕