(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំធ្វើមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២១ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំនៅតាមមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ នៅមុខសាលាខេត្តស្ទឹងត្រែង។

ក្នុងពិធីនេះតំណាងថ្នាក់ដឹកនាំខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទតំណាងផែនមន្ត្រីរាជការក៏បានដាក់កម្រងផ្កានៅវិមានឯករាជ្យខេត្ត ដើម្បីគោរពវិញ្ញាណក្ខន្ធដល់អ្នកស្នេហាជាតិ យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ឱ្យរួចផុតពីរបបអាណានិគមបារាំង។ ពិសេសគោរពទៅដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដែលបានតស៊ូនឹងធ្វើពលីជីវិត ដើម្បីរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

លោក ស្វាយ សំអ៊ាង បានឡើងអានប្រវត្តិនៃការទាមទារឯករាជ្យពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះរាជបិតា ឯករាជ្យជាតិបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានទាមទារឯករាជ្យពីសាធារណរដ្ឋបារាំងយ៉ាងលំបាកជូនដល់ប្រជារាស្រ្ត និងមាតុភូមិកម្ពុជា។ក្រោមព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមនៃព្រះវររាជ្យបិតាឯករាជ្យជាតិប្រទេសកម្ពុជា បានទទួលឯករាជ្យពេញលេញបរិបូណ៌ពីសាធារណរដ្ឋបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ប្រទេសកម្ពុជា ក្រោយពីទទួលបានឯករាជ្យដោយមានព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាព្រះអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម បានដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាពការរីកចម្រើនលើគ្រប់វិស័យ ក្រោមព្រះរាជតម្រិះដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាស្ថាបនិកសម័យសង្គមរាស្រ្តនិយម រហូតធ្វើឱ្យពិភពលោកទទួលស្គាល់ និងប្រសិទ្ធនាមព្រះរាជាណាចក្រកម្ពុជា ថាកោះសន្តិភាព នៅអាស៊ីអាគ្នេយ៍។

ក្នុងសារលិខិតដដែលអានដោយ លោក ស្វាយ សំអ៊ាង បង្ហាញថាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែកមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូសិស្ស និស្សិតព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់ជនជាតិ គ្រប់មូលដ្ឋានក្នុងខេត្តស្ទឹងត្រែង និងកូនចៅប្រជានុរាស្ត្រកម្ពុជាគ្រប់រូបចងចាំជានិច្ច នូវព្រះគុណូបការៈដ៏ធំធេង នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា និងប្តេជ្ញាចូលរួមការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រឱ្យបានគង់វង្សរីកចម្រើនតរៀងទៅ៕