(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងដោយអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា ដោយកំណត់អ្នកចូលរួមច្រើនបំផុត២០០នាក់។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្ត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបានអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត នៅក្នុងខេត្តបាត់ដំបង ដោយកំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម២០០នាក់ ក្នុងមួយពិធីចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ការកំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម២០០នាក់ ក្នុងមួយពិធីខាងលើនេះរួមមាន៖ ក្រុមគ្រួសារ ម្ចាស់កម្មវិធីសាច់ញាតិ និងភ្ញៀវកិត្តិយសដែលត្រូវបានអញ្ជើញចូលរួម។ ដោយឡែកចុងភៅ ក្រុមភ្លេង និងអ្នកបម្រើការក្នុងកម្មវិធីមិនត្រូវបានរាប់បញ្ចូលឡើយ»

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសពីការអនុញ្ញាតឱ្យរៀបចំពិធីមង្គលការនេះផងដែរ ប៉ុន្ដែត្រូវកំណត់ឱ្យមានភ្ញៀវចូលរួមត្រឹម២០០នាក់ប៉ុណ្ណោះ។

ការសម្រេចជាថ្មីរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុញ្ញាតឱ្យរៀបចំពិធីមង្គលការឡើងវិញនេះ បន្ទាប់ពីផ្អាកជាច្រើនខែដោយសារការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែដោយសារពេលនេះ ស្ថានភាពអាចគ្រប់គ្រងបាន និងធូរស្រាលឡើងវិញ ទើបសម្ដេចអនុញ្ញាតឱ្យរៀបចំពិធីឡើងវិញតែម្ដង៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖