(ភ្នំពេញ)៖ ដោយបានចូលរួមប្រកួតប្រជែងជាមួយគំរោងចំនួន៤៣៨ ដែលស្នើឡើងពីសាកលវិទ្យាល័យ និងគ្រឹះស្ថានជាសមាជិករបស់ AUF ដែលមានវត្តមាននៅក្នុងប្រទេសចំនួន៦០ នៅលើពិភពលោក គំរោង១របស់កម្ពុជាដែលស្ថិតក្នុងចំណោមគំរោងឆ្នើមៗចំនួន៤ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានជ្រើសរើសដើម្បីទទួលបានការឧបត្ថម្ភពីមូលនិធិពិសេសកូវីដ១៩ នូវចំនួនទឹកប្រាក់ ១,២លានអឺរ៉ូ ឬប្រហែល១,៤លានដុល្លារ។

ការផ្តួចផ្តើមគំនិតនេះស្នើឡើងដើម្បីធ្វើការសិក្សាស្រាវជ្រាវស្តីអំពីផលប៉ះពាល់នៃកូវីដមកលើនិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សានានា៖ ការវិភាគលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គមវប្បធម៌ និងចិត្តសាស្ត្រ ដើម្បីការបង្ការចំពោះផលវិបាកផ្នែកចិត្តសាស្ត្រ ឬសង្គមសេដ្ឋកិច្ច នៃវិបត្តិសុខាភិបាល និងការបង្កើតឧបករណ៏ចាំបាច់សម្រាប់ការព្យាបាល ការការពារ ឬការបង្ការហានិភ័យលើផ្នែកសុខភាព។

ជាគំរោងដែលដឹកនាំដោយសាកលវិទ្យាល័យជាតិបាត់ដំបង រួមសហការណ៍ជាមួយសាកលវិទ្យាលភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គំរោងនេះតម្រូវឱ្យសិក្សាលើផលប៉ះពាល់នៃកូវីដ១៩ មកលើនិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សា៖ ការវិភាគលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គមវប្បធម៌ និងចិត្តសាស្ត្រ ក្នុងក្របខ័ណ្ឌនៃការផ្សព្វផ្សាយផ្តល់គំរោងជាលក្ខណៈអន្តរជាតិ Appel COVID19.2 ដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF)។

កម្មវត្ថុនៃគំរោង គឺយកលទ្ធផលនៃការសិក្សាស្រាវជ្រាវផ្តល់ជាអនុសាសន៍ដល់ក្រសួងស្ថាប័ន និងសាកលវិទ្យាល័យក្នុងគោលបំណងធានានូវនិរន្តរភាពនៃការសិក្សារបស់និស្សិតក្នុងអំឡុងពេលមានវិបត្តិសុខាភិបាល និងពង្រឹងភាពទទួលបានការងារធ្វើ តាមរយៈភាពបត់បែននៃគ្រឹះស្ថានឧត្តមសិក្សា និងការផលិតនូវឧបករណ៍ចាំបាច់នានាសម្រាប់ការព្យាបាល ការការពារ ឬការបង្ការនូវហានិភ័យទាំងឡាយលើសុខភាព។

គំរោងថ្នាក់ជាតិនេះទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងដៃគូរសហការណ៍ជាមួយសមាគមន៍ និងសាកលវិទ្យាល័យនានា នៃប្រទេសបារាំង ក្នុងនោះមាន ADEPASE សាកលវិទ្យាល័យ Toulouse-Jean Jaurès។

ឆន្ទៈនៃគំនិតផ្តួចផ្តើមនៃគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងការប្តេជ្ញាចិត្តនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រនៅតាមសាកលវិទ្យាល័យបង្ហាញចេញជាគំរូមួយចំនួននៃគំរោងនេះ៖ កិច្ចសហប្រតិបត្តិការលើផ្នែកវិទ្យាសាស្ត្រនិងជំនាញចិត្តសាស្ត្រ ការអភិវឌ្ឍន៍ការស្រាវជ្រាវតាមសាកលវិទ្យាល័យ ផ្តោតលើវិធីសាស្ត្រវិភាគលើចិត្តសាស្ត្រពាក់ព័ន្ធបញ្ហាសុខភាពសាធារណៈ និងសុខភាពផ្លូវចិត្តដែលបានជួបប្រទះក្នុងអំឡុងពេលមានវិបត្តិកូវីត១៩។

គំរោងនេះបានផ្តល់ជូនក្នុងក្របខ័ណ្ឌនៃការឆ្លើយតបចំពោះការផ្សព្វផ្សាយរបស់ AUF ជាលក្ខណៈអន្តរជាតិ ដែលបានធ្វើឡើងជាលើកទី២កាលពីឆ្នាំ២០០០ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនៃសាកលវិទ្យាល័យនានាក្នុងការដឹកនាំ និងកសាងសកម្មភាពទាំងឡាយដើម្បីជាប្រយោជន៍នៃសុខភាពសាធារណៈ ដើម្បីគំនិតច្នៃប្រឌិតគរុកោសល្យ និងការពង្រឹងអភិបាលកិច្ចសាកលវិទ្យាល័យ ក្នុងអំឡុងពេលមានវិបត្តិ។

ផ្តើមចេញពីការផ្សព្វផ្សាយនេះហើយ គំរោងចំនួន៥៦គំរោង ដឹកនាំដោយគ្រឹះស្ថានចំនួន៥២គ្រឹះស្ថានឧត្តមសិក្សា ក្នុងប្រទេសចំនួន៣៧ នឹងទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុសម្រាប់រយៈពេល១២ខែ ហើយគ្រឹះស្ថានមួយចំនួនអាចចាប់ផ្តើមអនុវត្តចាប់ពីខែធ្នូឆ្នាំ២០២១នេះតទៅ។

គ្រប់ឯកសារទាំងឡាយត្រូវបានធ្វើការវាយតម្លៃដោយគណៈកម្មការជំនាញដែលមកពីថ្នាក់ដឹកនាំតំបន់ទាំង១០ របស់ AUF ដែលតំណាងឱ្យទ្វីបទាំង៥។

AUF ធ្វើការយកចិត្តទុកដាក់ធានានូវតួនាទីដ៏សំខាន់របស់ខ្លួនសំរាប់សាកលវិទ្យាល័យទាំងឡាយក្នុងការអភិវឌ្ឍន៍ជារួមនៃសង្គម និងបន្តសកម្មភាពរបស់ខ្លួនដោយមានការទទួលស្គាល់យ៉ាងទូលំទូលាយក្នុងវិស័យអប់រំ និងការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សាដែលប្រើប្រាស់ភាសាបារាំង រួមមានការឆ្លើយតបចំពោះបញ្ហាប្រឈមជាសាកល ។

AUF បង្កើតឡើងនៅឆ្នាំ១៩៦១ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង ជាបណ្តាញសាកលវិទ្យាល័យទី១ លើពិភពលោកដោយមានគ្រឹះស្ថានជាង១០០០ ជាសមាជិកមានវត្តមាននៅក្នុងប្រទេសចំនួន១២០ និងជាប្រតិបត្តិករដោយផ្ទាល់នៃអង្គការអន្តរជាតិនៃប្រទេសដែលនិយមភាសាបារាំង ដើម្បីការអប់រំនៅឧត្តមសិក្សា និងការស្រាវជ្រាវ។

តាមរយៈបណ្តាញរបស់ខ្លួននៅលើទ្វីបទាំង៥ AUFស្ថិតនៅក្បែរប្រព័ន្ធអេកូអប់រំនិងសាកលវិទ្យាល័យនានាបានក្លាយជាប្រតិបត្តិករមួយក្នុងចំណោមប្រតិបត្តិករជាច្រើនដែលស្ថិតនៅផ្ទាល់តាមប្រទេសនានា។ AUF បង្កើតនូវស្នាដៃជាច្រើនតាមរយៈកិច្ចព្រមព្រៀងក្នុងវិស័យរបស់ខ្លួន តាមរយៈសន្និសីទប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃប្រទេសដែលប្រើប្រាស់ភាសាបារាំង។

AUF មានបេសកកម្មជួយជ្រោមជ្រែងគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានស្រាវជ្រាវ និង ប្រតិបត្តិការដើម្បីការប្រើប្រាស់ភាសាបារាំងជាលក្ខណៈវិទ្យាសាស្ត្រដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌នៃសង្គម។ www.auf.org Contact presse :SOK Kuong Chargé de communication AUF Cambodge [email protected] +855 12 84 88 51៕