(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា ប្រមុខការទូតអូស្រ្តាលី បានអះអាងប្រាប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ថា ការដែលអូស្ដ្រាលីចូលរួមនៅក្នុងសម្ព័ន្ធត្រីភាគី AUKUS នេះ គឺដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកអូស្ដ្រាលី ដោយគ្មានបំណងបង្កើតថាមពលនុយក្លេអ៊ែរស៊ីវិលនោះទេ។

លោកស្រី ម៉ារីស ផែន រដ្ឋមន្ត្រីក្រសួងការបរទេស និងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារីអូស្ត្រាលី បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។ នៅក្នុងឱកាសបំពេញទស្សនកិច្ចនេះ លោកស្រីបានចូលជួបសម្ដែងការគួរសមចំពោះ សម្ដេចតេជោ ហ៊ុន សែន និងជួបប្រជុំទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុុជា អំពីលទ្ធផលអំពីទស្សនកិច្ចរបស់ លោកស្រី ម៉ារីស ផែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ «លោកជំទាវ ម៉ារីស ផេន ក៏បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ផងដែរ ចំពោះការបង្កើតភាពជាដៃគូសន្ដិសុខត្រីភាគី “AUKUS” និងបានអះអាងថា ការដែលអូស្ដ្រាលីចូលរួមនៅក្នុង AUKUS នេះ គឺដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកអូស្ដ្រាលី ដោយគ្មានបំណងបង្កើតថាមពលនុយក្លេអ៊ែរស៊ីវិលនោះទេ ស្របពេលជាមួយគ្នានេះ អូស្ដ្រាលីនៅតែបន្ដប្ដេជ្ញាចិត្តចំពោះការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរក្នុងតំបន់»

ភាពជាដៃគូសន្តិសុខថ្មីមួយហៅថា AUKUS ត្រូវបានបង្កេីតឡេីងដោយសហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្តាលី កាលពីពេលថ្មីៗនេះ ដែលក្នុងនោះ អាមេរិកនិងអង់គ្លេស នឹងជួយអូស្រ្តាលីផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។ ដោយសារការចងសម្ព័ន្ធមិត្តនេះ អូស្រ្តាលីបានសម្រេចលុបចោល កិច្ចព្រមព្រៀងជាមួួយបារាំង ដែលខ្លួនបានចុះកាលពីឆ្នាំ២០១៦ ដើម្បីទិញនាវាមុជទឹកធម្មតាចំនួន១២គ្រឿង រហូតមានការវាយប្រហារគ្នាតាមរយៈពាក្យសម្តី និងការទូតជាបន្តបន្ទាប់។

បណ្តាប្រទេសជាច្រើន ក្នុងនោះមានអាស៊ានផងដែរ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាថ្មីនេះ ដែលបង្កើតជារឿងស្មុគស្មាញសម្រាប់ពិភពលោក ខណៈដែលអាស៊ាន និងអូស្រ្តាលី ត្រូវបានដំឡើងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០២២តទៅ ជាពេលដែលកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំលើកទី៣។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី១ ដែលរៀបចំដោយប្រទេសប្រ៊ុយណេ តាមប្រព័ន្ធអនឡាញ នាថ្ងៃទី២៧ ខែតុុលា ឆ្នាំ២០២១ មេដឹកនាំអាស៊ាន -អូស្រ្តាលី ក៏បានផ្លាស់ប្តូរទស្សនៈគ្នា អំពីសម្ព័ន្ធភាពសន្តិសុខត្រីភាគីអូស្ត្រាលី-ចក្រភពអង់គ្លេស-សហរដ្ឋអាមេរិក (AUKUS)នេះផងដែរ។

នៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានអះអាងជាថ្មីដល់មេដឹកនាំអាស៊ាន នូវការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ចំពោះមជ្ឈភាពអាស៊ាននូវ សន្តិភាព និងសន្តិសុខតំបន់ រួមមានតាមរយៈការគាំទ្រដល់ទស្សនៈវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)ទៀតផង៕