(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងលើកទឹកចិត្តឱ្យក្រុមហ៊ុនអូស្ត្រាលីកាន់តែច្រើនថែមទៀត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ខណៈប្រទេសទាំងពីរ កំពុងងើបចេញពីជំងឺរាតត្បាតនៃជំងឺកូវីដ១៩ដូចគ្នា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុុជាដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការអះអាងរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយ លោកស្រី ម៉ារីស ផែន រដ្ឋមន្ត្រីក្រសួងការបរទេស និងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារីអូស្ត្រាលី គ្រាដែលលោកស្រី មកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅកម្ពុជា កាលពីថ្ងៃទី០៧ និងទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុុជា អំពីលទ្ធផលអំពីទស្សនកិច្ចរបស់ លោកស្រី ម៉ារីស ផែន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអូស្ត្រាលីកាន់តែច្រើនថែមទៀតមកវិនិយោគនៅកម្ពុជា ខណៈពេលកម្ពុជាទើបអនុម័តច្បាប់វិនិយោគថ្មី ដែលនឹងផ្តល់នូវបរិយាកាសវិនិយោគដ៏ប្រសើរ»។

«ជាការឆ្លើយតប លោកជំទាវ ម៉ារីស ផេន បានគូសបញ្ជាក់ថា ខណៈដែលកម្ពុជា និងអូស្រ្តាលី កំពុងងើបចេញពីជំងឺរាតត្បាតដូចគ្នា មានកាលានុវត្តភាពជាច្រើនសម្រាប់ប្រទេស ទំាងពីរធ្វើការជាមួយគ្នា ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគ ឱ្យមានភាពរីកចម្រើន»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។

អូស្រ្តាលី និងកម្ពុជា បានចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ១៩៥២។ ទំនាក់ទំនងពាណិជ្ជកម្មរវាងអូស្រ្តាលី និងកម្ពុជា គឺមានការកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ២០២០ ទំនិញស្រដៀងគ្នាដែលត្រូវបានធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានទំហំសរុប ៤៣២.៤លានដុល្លារ ដែលជាការកើនឡើង ២១.៦ភាគរយ ធៀបនឹងឆ្នាំ២០១៩។ រីឯទំនិញអូស្រ្តាលី ដែលនាំចូលមកកម្ពុជា ក្នុងឆ្នាំ២០២០ មានទំហំសរុប ១២១.៤លានដុល្លារ ដែលជាការកើនឡើង ៤៣.៥ភាគរយ ធៀបនឹងឆ្នាំ២០១៩។

នៅក្នុងជំនួបទ្វេភាគីដដែលនោះ លោកស្រី ម៉ារីស ផេន ក៏បានបញ្ជាក់ឡើងវិញផងដែរ នូវការប្ដេជ្ញាចិត្តរបស់អូស្ដ្រាលីក្នុងការ បន្ដជួយ និងធ្វើសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យនានាដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច ការបោសសម្អាតមីន កសិកម្ម សុខាភិបាល និងអប់រំ ជាពិសេស ការបន្ដផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជារៀងរាល់ឆ្នាំ ក្រោមកម្មវិធីអាហារូបករណ៍អូស្ដ្រាលី និងកម្មវិធីភាពជាដៃគូមេគង្គ-អូស្ដ្រាលីផងដែរ៕