(ភ្នំពេញ)៖ លោកស្រី ម៉ារីស ផែន រដ្ឋមន្ត្រីក្រសួងការបរទេស និងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារីអូស្ត្រាលី បានអះអាងថា រដ្ឋាភិបាល អូស្រ្តាលី បា នបន្តគាំទ្រ និងផ្តល់ជំនួយប្រទេសតំបន់មេគង្គ ដែលមានទឹកប្រាក់ចំនួន ២៣២លានដុល្លារអូស្ដ្រាលី (ប្រមាណ ១៦៨លានដុល្លារអាមេរិក) សម្រាប់រយៈពេល៤ឆ្នាំ ដើម្បីជួយដល់ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យប្រសើរឡើងនូវភាពធន់ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន នៅក្នុងតំបន់។

ការអះអាងរបស់ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា គ្រាដែលលោកស្រី មកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅកម្ពុជា កាលពីថ្ងៃទី០៧ និងទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុុជា អំពីលទ្ធផលអំពីទស្សនកិច្ចរបស់ លោកស្រី ម៉ារីស ផែន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ សម្រាប់កិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្ដ្រាលី ឯកឧត្តមឧប នាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះចក្ខុវិស័យរបស់អូស្រ្តាលី នៅក្នុងអនុតំបន់មេគង្គ តាមរយៈការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ភាពធន់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការ វិនិយោគ និងការពង្រឹងប្រព័ន្ធអ៊ិនធឺណេត និងថាមពលសំខាន់ៗ។

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់បន្ថែមថា៖ «លោកជំទាវ ម៉ារីស ផេន បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រ និងផ្តល់ជំនួយ ក្រោមក្របខ័ណ្ឌនេះ ដែលមានទឹកប្រាក់ចំនួន ២៣២ លានដុល្លារអូស្ដ្រាលី (ប្រមាណ ១៦៨ លានដុល្លារអាមេរិក) សម្រាប់រយៈពេល ៤ឆ្នាំ ដើម្បីជួយដល់ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យប្រសើរឡើងនូវភាពធន់ផ្នែកសេដ្ឋកិច្ច និង បរិស្ថាន នៅក្នុងតំបន់»