(ភ្នំពេញ)៖ លោកតា ស្រី លី ព្រះវិន័យធរអនុគណក្រុងបាត់ដំបង និងជាព្រះចៅអធិការវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង ដែលអាពាធធ្ងន់ធ្ងរ កំពុងបន្តសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ផ្នែកជំងឺកូវីដ១៩។

កាលពីព្រលឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ពេលមានអាការៈក្អួតធ្លាក់ឈាម លោកតា ស្រី លី ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត ហើយមន្ទីរពេទ្យកាល់ម៉ែត បានយកសំណាកលោកតាទៅពិនិត្យ ឃើញវិជ្ជមានកូវីដ១៩។ បន្ទាប់មកនៅវេលាម៉ោងជាង ១០ព្រឹក ក្រោមការបញ្ជាផ្ទាល់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកតា ស្រី លី ក៏ត្រូវបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៉ី ផ្នែកជំងឺកូវីដ១៩។

ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យផ្នែកកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៉ី គឺលោកតាបានដឹងខ្លួនឡើងវិញ ប៉ុន្តែចុងក្រោយនេះ លោកតាមានបញ្ហាធ្ងន់ធ្ងរផ្នែកសួត។

បើតាមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរុស្ស៉ី គឺលោកតា ស្រី លី មានជំងឺថ្លើមធ្ងន់ធ្ងរ ដែលធ្វើឲ្យមានជាតិពុល ហើយធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល បូករួមនឹងជំងឺកូវីដ១៩ នេះទៀត។ ប៉ុន្តែក្រុមគ្រូពេទ្យផ្នែកកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៉ី នៅតែបន្តខិតខំយកចិត្តទុកដាក់ព្យាបាលជំងឺលោកតាជាបន្ថែមទៀត។

សូមជម្រាបថា លោកតា ស្រី លី បានធ្លាក់ព្រះកាយអាពាធធ្ងន់ធ្ងរ (ក្អួតធ្លាក់ឈាម) ពេលនិមន្តមកលេងបងប្អូននៅក្នុងខេត្តកំពង់ឆ្នាំង ហើយក៏ត្រូវបានបងប្អូនបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យរុស្ស៊ី។

លោកតា ស្រី លី ជាព្រះសង្ឃមួយអង្គបានសាងផ្នួសតាំងពីសម័យសង្គមរាស្ត្រនិយមតាំងពីព្រះជន្ម ១៧ព្រះវស្សា។ លុះដល់របបខ្មែរក្រហមលោកតា ក៏ត្រូវបានចាប់ផ្សឹក ហើយពេលរបបខ្មែរក្រហមដួលរលំទៅ លោកតាក៏បានសាងផ្នួសជាថ្មីរហូតមកដល់ពេលបច្ចុប្បន្ន ពោលគឺលោកតា បានផ្ញើខ្លួននឹងព្រះពុទ្ធសាសនាសឹងមួយជីវិត ហើយក៏បានចូលរួមកសាងក្នុងវិស័យព្រះពុទ្ធសាសនាក៏ច្រើនផងដែរ។ មូលហេតុនេះហើយ បានជាលោកតា ស្រី លី ជាព្រះសង្ឃ និងជាព្រះចៅអធិការ ដែលទទួលបានការគោរពស្រឡាញ់ខ្លាំងពីប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត។

ព័ត៌មាននេះ ជាការជូនដំណឹងដល់ប្រជាពុទ្ធបរិស័ទគោរពស្រឡាញ់លោកតា ស្រី លី ទាំងអស់ បានជ្រាបជាដំណឹង។

ប្រជាពុទ្ធបរិស័ទ ដែលចង់ដឹងពីស្ថានភាពអាពាធរបស់លោកអាចទាក់ទងតាមទូរស័ព្ទ 012 95 47 49, Telegram or WhatsApp 088 8003 803៕

ខាងក្រោមនេះជាជីវប្រវត្តិព្រះតេជគុណ ស្រី លី ដែលព្រះអង្គបានសាងផ្នួសតាំងពីព្រះជន្ម១៧វស្សាមកម្ល៉េះ៖