(កំពត)៖ ឧត្តមសេនីយត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ឋាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង បញ្ជាក់ថា ទោះបីផ្លូវជាតិលេខ៣ បានបំពាក់កាមេរ៉ាអចល័ត ចាប់ល្បឿនច្រើនយ៉ាងណាក៏ដោយ តែក៏នៅមានឧបករណ៍ត្រួតពិនិត្យល្បឿនចល័ត ដែលប្រតិបត្តិការ ដោយភ្នាក់ងារនគរបាលចរាចរណ៍ផ្លូវគោក ដាក់ជាលក្ខណៈចោះៗ មិនឱ្យដឹងមុនដដែល។

ឧត្តមសេនីយត្រី ថី វិសាល បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសអមដំណើរលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹងជញ្ជូន និងជាប្រធានគ្រប់គ្រប់គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ ចុះបើកឱ្យប្រើប្រាស់ភ្លើងស្តុបចំនួន២កន្លែង និងត្រួតពិនិត្យការរៀប ចំដាក់បង្គោលកាមេរ៉ា ចាប់ល្បឿនចំនួន១០កន្លែងនៅលើផ្លូវជាតិលេខ៣។

ឧត្តមសេនីយត្រី ថី វិសាល បានលើកឡើងដូចនេះថា «សម្រាប់កាមេរ៉ា ដែលយើងឃើញបំពាក់ជាក់ស្តែង ឃើញនូវទីនេះជាអចិន្រ្តៃយ៍តែម្តង ទទឹមនឹងនេះ ក៏យើងនៅមានឧបករណ៍ត្រួតពិនិត្យល្បឿនចល័តមួយទៀតដែរ ដែលប្រតិបត្តិការដោយភ្នាក់ងារនគរបាលចររាចរណ៍ផ្លូវគោក គឺដាក់ជាលក្ខណៈចោះៗ គឺមិនឱ្យដឹងមុននោះទេ»

ឧត្តមសេនីយត្រី ថី វិសាល បានឱ្យដឹងទៀតថា កាមេរ៉ាចាប់ល្បឿនរថយន្តដឹកលើកល្បឿនកំណត់ចល័តនេះ គឺមានមុខងារពិសេស ក្នុងការចាប់ល្បឿនរថយន្ត ដែលវាអាចចាប់បានក្នុងរយៈចំងាយប្រមាណ៥០ម៉ែត្រ ហើយសម្រាប់ការផាកពិន័យវិញ គឺអាស្រ័យជាក់ស្តែងប្រភេទល្មើសល្បឿន និងប្រភេទយានយន្ត ហើយកាផាកពិន័យនេះតូច១២ម៉ឺនរៀល ហើយធំបំផុត៦២ ៥០០០រៀល។

ឧត្តមសេនីយត្រី បានបន្ថែមថា គោលបំណងរួមនៃការដាក់កាមេរ៉ាទាំងអចល័ត និងចល័តនេះ គឺដើម្បីរួមចំណែកទប់ស្កាត់ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបានបង្ករឡើងដោយការបើកបរលើសល្បឿនកំណត់ ដែលជាកត្តាទី១ ដែលបង្ករឱ្យមានគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ ដែលមានចន្លោះពី៣០ ទៅ ៤០% នៃគ្រោះថ្នាក់ចររាចរណ៍។

ឧត្តមសេនីយត្រី ថី វិសាល ក្នុងនាមអគ្គស្នងការនគរបាលជាតិ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយការស្លាប់ នៅលើដងផ្លូវ ជាពិសេសនោះត្រូវបើកបរក្នុងល្បឿន ដែលច្បាប់បានកំណត់ ដើម្បីចូលរួមចំណែកកុំឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ និងរួមចំណែកកុំឱ្យមានការខាតបង់ថវិកាជាតិ ដែលបណ្តាលមកពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

សូមជម្រាបថា អនុក្រឹត្យស្តីពីការផាកពិន័យអន្តរការណ៍ឆ្នាំ២០២០ បានចែងថា អ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន បើកបរលើសល្បឿនកំណត់ចាប់ពី ១ ទៅ១៩គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវពិន័យ ៦ម៉ឺនរៀល និង ១០ម៉ឺនរៀល សម្រាប់បើកបរលើសល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង។

សម្រាប់អ្នកបើកបរយានយន្តធុនស្រាល ត្រូវពិន័យ ១២ម៉ឺនរៀល និងយានយន្តធុនធ្ងន់ ត្រូវពិន័យ ២២ម៉ឺន ៥ពាន់រៀល ចំពោះការបើកបរលើសល្បឿនកំណត់ចាប់ពី ១ ទៅ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង, បើកបរលើសល្បឿនកំណត់ចាប់ពី ២០ ទៅ ២៩គីឡូម៉ែត្រក្នុងមួយម៉ោង នឹងត្រូវពិន័យប្រមាណ ១៥ម៉ឺនរៀល សម្រាប់យានយន្តធុនស្រាល និង ៣០ម៉ឺនរៀល សម្រាប់រថយន្តធុនធ្ងន់។

ដោយឡែកបើបើកបរលើសល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវពិន័យ ១៨ម៉ឺនរៀល សម្រាប់រថយន្តធុនស្រាល ហើយ ៣៧ម៉ឺន ៥ពាន់រៀល សម្រាប់រថយន្តធុនធ្ងន់៕