(ក្រចេះ)៖ កម្លាំងនគរបាលក្រុងក្រចេះ ក្រោមការសម្របសម្រួល ពីលោកគី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឃាត់ខ្លួនក្មេងទំនើង ជាជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីផលិត ឬធ្វើចរារណ៍អាវុធ សម្រាប់ប្រហារផ្សេងទៀត ស្ថិតនៅចំណុច តូបលក់ម្ជូ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ។

នគរបាល បានបញ្ជាក់ដោយយោងតាមរបាយការណ៍ឲ្យដឹងថា ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ យ៉ាន់ រ៉ាន់ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ
២-ឈ្មោះ ឃុន ណារ៉ូ ហៅម៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិទួលមនោរម្យ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ
៣-ឈ្មោះ ពៅ ឡៃអ៊ី ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅខេត្តប៉ៃលិន មកស្នាក់នៅបណ្តោះអាសន្នភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

ចំណែកឯ ជនរងគ្រោះឈ្មោះ លន់ ឈុនហ៊ុយ ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

សូមបញ្ជាក់ថា ចំពោះជនសង្ស័យទាំង០៣នាក់ខាងលើនេះ ពាក់ពន្ធ័ករណីបទផលិត ឬ ធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត បានធ្វើសកម្មភាពកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ចន្លោះម៉ោង ២១:០០នាទី នៅចំណុចតូបលក់ម្ជូរ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

នគរបាល បានបញ្ជាក់បន្តប្រាប់ហេតុការណ៍ដែលបានកើតទ្បើងឲ្យដឹងថា បើតាមរបាយការណ៍ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នាម៉ោងជាង២១:០០នាទីនេះ ក្មេងស្ទាវចំនួន០២នាក់ រួមមាន៖ ១.ឈ្មោះ យ៉ាន់ រ៉ាន់ និង ២.ឈ្មោះ ឃុន ណារ៉ូ បានធ្វើសកម្មភាពយកកាំបិតផ្គាក់ចំនួន០១ដើម អូសតាមផ្លូវថ្នល់គំរាមទៅលើក្មេងស្ទាវ១ក្រុមទៀតដែលធ្លាប់មានជម្លោះពាក្យសំដីនិងគ្នា។ លុះដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នា ម៉ោងជាង២១:០០នាទី ដដែលនេះ ក្មេងស្ទាវ០១ក្រុមដដែល ប៉ុន្តែមានគ្នាចំនួន០៥នាក់រួមមាន៖ ១.ឈ្មោះ យ៉ាន់ រ៉ាន់, ២.ឈ្មោះ ឃុន ណារ៉ូ, ៣.ឈ្មោះ ពៅ ឡៃអ៊ី, ៤.ឈ្មោះ ហ៊ាង, ៥.ឈ្មោះ ហាប់ (ចំពោះ ជនសង្ស័យ ឈ្មោះហ៊ាង និងឈ្មោះហាប់ បានរត់គេចខ្លួន) បានយកកាំបិតផ្គាក់ចំនួន០២ដើមដាក់តាមខ្លួន និងបានធ្វើសកម្មភាពចាប់ក្របួចកអាវឈ្មោះ លន់ ឈុនហ៊ុយ ជាជនរងគ្រោះ ហើយដកកាំបិតគំរាមកាប់ និងបានឈ្លោះប្រកែកគ្នាទៅវិញទៅមក តែមិនបានបង្កហឹង្សាកើតឡើងនោះទេ។

ក្រោយពីសួរនាំជនសង្ស័យខាងលើ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៨:១០នាទី កម្លាំងនគរបាលក្រុងក្រចេះ បានធ្វើការបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់បន្ថែមទៀត មានឈ្មោះ ហម ប៊ុនហ៊ាង ហៅខ្មៅ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងបានដកហូតបានកាំបិតផ្គាក់ចំនួន០១ដើមផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យចំនួន០៤នាក់ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួន និងរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីបំពេញនីតិវិធីតាមផ្លូវច្បាប់៕