(ភ្នំពេញ)៖ ក្នុងវិស័យសារព័ត៌មានបច្ចុប្បន្ន គេសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួនបានប្រើប្រាស់ការបញ្ចេញទស្សនៈ ឬមតិផ្ទាល់ខ្លួន នៅក្នុងអត្ថបទ ឬធ្វើការសន្និដ្ឋានហេតុការណ៍ផ្សេងៗ។ លោក ម៉ារ យ៉ារិទ្ធ ក្នុងនាមជាអ្នកមានបទពិសោធន៍ជាង៣០ឆ្នាំក្នុងវិស័យព័ត៌មាននេះ បានឡើងថា ការបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់អ្នកសារព័ត៌មាន គឺមិនគួរកើតមាននោះទេ ហើយក៏មិនស្របតាមក្បួនខ្នាតក្រមសីលធម៌វិជ្ជាជីវៈផងដែរ។

ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News លោក ម៉ារ យ៉ារិទ្ធ គូសបញ្ជាក់ថា «មិនគួរបញ្ចេញទស្សនៈផ្ទាល់ខ្លួនក៏ព្រោះតែ «អ្នកសរសេរព័ត៌មាន មិនមែនជាអ្នកដែលត្រូវបញ្ចេញមតិរបស់ខ្លួនបន្ថែមបន្ថយក្នុងអត្ថបទសរសេររបស់ខ្លួនឯងឡើយ។ ការបញ្ចេញបញ្ចូលមតិរបស់ខ្លួនក្នុងអត្ថបទសរសេរ នឹងបង្ហាញនូវភាពលំអៀង Bias របស់ខ្លួននិងជាអំពើ លាបពណ៌ដែលគប្បីត្រូវចៀសវាង។ ត្រូវចាំថាអ្នកសរសេរព័ត៌មាន គប្បីសរសេរបង្ហាញ, កុំសរសេរប្រាប់ Write to show, don’t write to tell»

ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) លោក ម៉ារ យ៉ារិទ្ធ គឺជាព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារ ព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះលោក ម៉ារ យ៉ារិទ្ធ ដែលមានរហ័សនាម «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោកគឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក។

ការមិនបង្ហាញទស្សនៈផ្ទាល់ខ្លួនរបស់អ្នកសារព័ត៌មាន នៅក្នុងសំណេរអត្ថបទរបស់ខ្លួនបែបនេះ ក៏ជាកត្តានាំឲ្យអ្នកអាន អ្នកស្ដាប់កាន់តែមានទំនុកចិត្ត ចៀសឆ្ងាយពីការវាយតម្លៃរបស់មហាជនផ្សេងៗផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក ម៉ារ យ៉ារិទ្ធ តាមរយៈវគ្គបណ្ដុះបណ្ដាលអំពីការសរសេរព័ត៌មានរបស់ Fresh News ដែលវគ្គនេះ បាន និងកំពុងធ្វើឡើងនៅថ្ងៃសៅរ៍ រៀងរាល់សប្ដាហ៍ រយៈពេល៣ខែ។ ថ្នាក់សិក្សានេះមានសិក្ខាកាមប្រមាណ៣០នាក់ ដែលជាបុគ្គលិករបស់អង្គភាពព័ត៌មាន Fresh News។

ក្រោយបញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងអស់នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ចេញដោយអង្គភាពព័ត៌មាន Fresh News ដែលមានការទទួលស្គាល់ពីអង្គភាពជំនាញ និងគ្រូបង្គោលផងដែរ។ សម្រាប់វគ្គបន្ទាប់ FTC នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត និងយុវជនដទៃទៀត ដែលមិនមែនជាបុគ្គលិក Fresh News ចូលរៀនថែមទៀត។

មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ FTC ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ។ FTC មាន លោក ម៉ារ យ៉ារិទ្ធិ ជាប្រធាននៃមជ្ឈមណ្ឌល៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព៏ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទលេខ : 089 960 090.
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ 092 322 334.