(ភ្នំពេញ)៖ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន នៅព្រឹកថ្ងៃចន្ទនេះ បានចាត់ទុកសេចក្តីថ្លែងការណ៍ របស់គណបក្សសង្រ្គោះជាតិ (CNRP) ជុំវិញការចាប់ខ្លួន តំណាងរាស្រ្ត លោក អ៊ុំ សំអាន ថាកំពុងបំភ័ន្តដល់សាធារណជន។

លោក ផៃ ស៊ីផាន បាននិយាយថា ការចាប់ខ្លួន លោក អ៊ុំ សំអាន គឺយោងទៅតាមបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដែលបានក្លែងនិងបង្ហោះឯកសារព្រំដែនក្លែងក្លាយ ហើយថា គណបក្សសង្រ្គោះជាតិ ចេញសេចក្តីថ្លែងការណ៍នេះ ហាក់មិនយល់អំពីច្បាប់កម្ពុជាទេ។

លោក ផៃ ស៊ីផាន បានបន្ថែមទៀតថា នៅកម្ពុជា គ្មានជនណាម្នាក់ អាចរស់នៅលើច្បាប់បានទេ។ លោកថាមានតែពួកឧទ្ទាមបដិវត្តទេដែលមិនព្រមឱ្យអនុវត្តច្បាប់។

លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីម្សិលមិញ បន្ទាប់ពីលោកត្រឡប់ពីអាមេរិក មកដល់ប្រទេសកម្ពុជា។ សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ។

បន្ទាប់ពីមានការចាប់ខ្លួននេះ គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា ការចាប់ខ្លួនតំណាងរាស្ត្រ លោក អ៊ុ សំអាន គឺជាទង្វើរំលោភបំពានលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត ដែលត្រូវបានធានាដោយច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ទោះជាយ៉ាងនេះក្តី មាត្រា៨០ កថាខណ្ឌទី៣ នៃច្បាប់រដ្ឋធម្មនុញ្ញ បានចែងថា «ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ ដើម្បីសម្រេច។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល»

ចំណែក មាត្រា១២ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត ក៏បានចែងដែរថា «ក្នុងករណីតំណាងរាស្រ្តណាបានប្រព្រឹត្តបទល្មើសជាក់ស្តែង ក្រសួងមានសមត្ថកិច្ចអាចចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនបាន ហើយធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅចន្លោះសម័យប្រជុំរដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច»។

ក្នុងន័យនេះ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនតំណាងរាស្រ្តណាមួយ ក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង អាចធ្វើទៅបាន ដោយពុំចាំបាច់លើកអភ័យឯកសិទ្ធិសភា តាមមតិភាគច្រើន ២/៣ នៃសមាជិករដ្ឋសភាទាំងមូលនោះទេ៕

Advertising