(រតនគិរី)៖ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្ត នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា១៩៥៣-៩វិច្ឆិកា ២០២១) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ នៅបរិវេណស្តូបមិត្តភាពកម្ពុជា-វៀតណាម ទីរួមខេត្តរតនគិរី។

ពិធីនេះមានការចូលរួមពីលោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបតិ្តការសឹករងខេត្ត និងលោកមេបញ្ជាការ បញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលក្រុងបានលុងមន្រ្តីរាជការ កងកម្លាំងប្រដាប់ អាវុធទាំង ៣ប្រភេទ ចូលរួមជាច្រើនរយនាក់។

សូមបញ្ជាក់ថា ទិវាប្រកបដោយអត្ថន័យនេះ គឺជាការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងឲ្យកាន់តែច្បាស់អំពីការរំដោះប្រទេសឲ្យរួចផុត ពីរបបអាណានិគមនិយមបារាំង ហើយទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាមួយនិងការរីកលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យ ក្នុងសុខសន្តិភាព និងសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមល្អប្រសើរ។

ក្នុងអង្គពិធីទាំងមូល សូមសម្ដែងនូវកត្តញ្ញូតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពលនិងព្រះបញ្ញាញាណជម្នះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ការផ្សះផ្សារជាតិ ភាពចម្រុងចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរ៕