(ព្រះសីហនុ)៖ មនុស្ស៣នាក់ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន២ករណីផ្សេងគ្នា នៅស្រុកព្រៃនប់ និងក្រុងព្រះសីហនុ នាយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកានេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដ។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ករណីទី១បង្ក្រាបបាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ដោយកម្លាំងជំនាញបានសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលបិតត្រាំង ចាប់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ជឹម អេង ហៅពូច អាយុ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ។

ក្នុងនោះដកហូតបាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន៣៥កញ្ចប់ (ធំ០១កញ្ចប់), កញ្ឆាក្រៀមមួយចំនួន, បំពង់ជក់កញ្ឆា០១, កាំភ្លើងកែឆ្នៃ០១, ទូរស័ព្ទចំនួន០៣គ្រឿង, ដែកឆាបចំនួន០១, កាំបិតប័ុងតោចំនួន០២, ដាវកែឆ្នៃចំនួន០១, កាំបិតផ្គាក់ចំនួន០១, ជំពាមកៅស៊ូចំនួន០១ និងគ្រាប់ឃ្លីដែកចំនួនគ្រាប់, សម្ភារសម្រាប់ជក់ថ្នាំ, ម៉ូតូចំនួន០១គ្រឿង, ម៉ូតូរ៉ីម៉ក់ចំនួន១គ្រឿង។

ដោយឡែក ករណីទី២ ធ្វើឡើងដោយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន០២នាក់ ស្ថិតនៅក្រុម៣ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ឈ្មោះ ប្រាក់ ចិន ភេទស្រី អាយុ៤៣ឆ្នាំ និងឈ្មោះ ផាន ទ្រីធិនសឿន (Pham Thi Thanh Xuan) ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម។

ក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន៩កញ្ចប់តូច ១កញ្ចប់ធំ, ទូរស័ព្ទដៃ០១គ្រឿង និងរ៉ឺម៉ក់កង់បី ចំនួន១គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕