(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីប្រារព្ធខួបលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមក្រោមវត្តមាន លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ថ្នាក់ដឹកនាំក្នុងខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្រ្តីរាជការគ្រប់ស្ថាប័ន និងលោកគ្រូអ្នកគ្រូសិស្សានុសិស្សរួមទាំងប្រជាពលរដ្ឋផងដែរ។

លោកស្រី មិថុនា ភូថង បានថ្លែងថា «ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១នេះ យើងខ្ញុំទាំងអស់គ្នាសូមចងចាំជានិច្ចនូវ គុណបការៈ និងគំរូវីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធជន យុទ្ធនារីនិងវីរជនស្នេហាជាតិទាំងអស់ ដែលបានបូជាជីវិតលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីដែលជាផែនដីសុវណ្ណភូមិជាទីស្នេហានៃយើង»។

លោកស្រីអភិបាលខេត្ត បានបន្តថា ថ្ងៃនេះជាទិវាប្រវត្តិសាស្រ្តប្រកបដោយមហានក្ខត្តឫក្សក្រៃលែងដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមានសេចក្តីរីករាយឥតឧបមា ចូលរួមប្រារព្វពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងជាទិវាកំណើតកងទ័ពយោពលខេមរភូមិន្ទ ដែលបានរួមកម្លាំងមហាសាមគ្គីជាតិទាំងមូលដណ្ដើមបានទាំងស្រុងមកវិញនូវឯករាជ្យជាតិពេញបរិបូណ៌ ពីនឹមអាណានិគមនិយមបារាំងនាថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៍ថ្លៃថ្លា នៃព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យជាតិបូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។

ក្នុងឱកាសនេះលោកស្រីបានអានសន្ទរកថាពីប្រវត្តិសាស្រ្តដោយមានខ្លឹមសារអត្ថន័យដ៏ជ្រៀលជ្រៅដើម្បីមហាជនសិស្សានុសិស្សយល់កាន់តែច្បាប់ពីថ្ងៃបុណ្យឯករាជ្យជាតិថ្ងៃ ៩ វិច្ឆិកា និងធ្វើការបង្ហោះប៉ោងប៉ោងលែងព្រាប ស តំណាងនិមិត្តសញ្ញាសន្តិភាព៕