(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជសារមួយប្រាប់ជនរួមជាតិអំពីការអវត្តមានរបស់ព្រះអង្គនៅក្នុងប្រទេស។ ជាមួយគ្នានេះ ព្រះអង្គបានចាត់តាំង ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាតំណាងព្រះអង្គក្នុងពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃ១១ ខែវិច្ឆិកា ខាងមុខនេះ។

ក្នុងព្រះរាជសារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពី ថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមក្នុងពិធីបើកសម័យប្រជុំមហាសន្និបាត លើកទី៤១ ក្នុងឱកាសបុណ្យខួបទី៧៥ នៃអង្គការយូណេស្កូ នៅសាធារណរដ្ឋបារាំង»

ព្រះអង្គបានមានព្រះបន្ទូលបន្តថា «នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈជា ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចប្រមុខរដ្ឋ ស្តីទី នឹងអញ្ជើញជាព្រះរាជតំណាងនៃទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យ»

ព្រះមហាក្សត្រ បានថ្វាយព្រះពរ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមបានប្រកប តែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕