(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រារព្ធខួបលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលបានធ្វើឡើងនៅមុខសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឡើងអានសារលិខិតទាំងស្រុង បានថ្លែងថា ថ្ងៃ៩វិច្ឆិកា ជាទិវាឯករាជ្យជាតិ និងជាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលជាថ្ងៃប្រវត្តិសាស្រ្តនៃការប្រកាសឯករាជ្យពេញលេញរបស់កម្ពុជា ក្រោមព្រះរាជបូនីយកិច្ច និងព្រះរាជបេសកកម្មទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។

លោក សុខ លូ បានបញ្ជាក់ទៀតថា ប្រជារាស្រ្តរបស់ព្រះអង្គទាំងអស់គ្នាតែងតែចងចាំ និងចារឹកជាប់ជានិច្ចក្នុងជីវិត នូវព្រះមហាករុណាទិគុណ ប្រកបដោយ ព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅរបស់ព្រះករុណាដែលកន្លងមកព្រះអង្គ បានបូជាព្រះកាយពល និងបញ្ញាញានយ៉ាងក្លៀវក្លាបំផុត ដើម្បីធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ទាមទាឯករាជ្យនៅកម្ពុជាឲ្យរួចផុតពីអាណានិគមនិយមបារាំង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ព្រះអង្គបានបន្សល់ទុក្ខនូវស្នាព្រះហស្ថដោយពុំអាចកាត់ថ្លៃបាន រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាពនិងវឌ្ឍនភាពសង្គមជាតិខ្មែរទាំងមូលដែលយើងទាំងអស់គ្នាជាកូន ជាចៅ ចៅទួត របស់ព្រះអង្គបានដង្ហែរតាមមាគ៌ាដ៏ថ្លៃថ្លានេះរហូតមក ទោះបីព្រះអង្គយាងចូលព្រះទីវង្គតហើយក៏ដោយ។

ទន្ទឹមនឹងនេះយើងទាំងអស់គ្នា ចូលរួមអបអរសាទរខួបលើកទី៦៨ នៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដោយបានចាត់ទុកថាសមិទ្ធផលដ៏ធំធេងទាំងឡាយដែលយើងសម្រេចបាននេះពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ការផ្សះផ្សាបង្រួបថាបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស រក្សាការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម កែលម្អអភិបាលកិច្ច លើកស្ទួយវិស័យសាធារណៈ និងការអភិវឌ្ឍន៏ជាតិ។

ប្រការនេះបានធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាមូលដ្ឋានដ៏រឹងមាំគ្រប់ផ្នែកគ្រប់វិស័យ ធ្វើឲ្យកិត្យានុភាព របស់ប្រទេសមានការផ្លាស់ប្តូរមុខមាត់ថ្មី ស្រស់បំព្រងទូទាំងផ្ទៃប្រទេសក៏ដូចនៅលើពិភពលោក។

លោកអភិបាលខេត្តបានបន្តទៀតថា ថ្មីៗនេះកម្ពុជាយើងបាននឹងកំពុងប្រយុទ្ធប្រឆាំងឆ្លងកូវីដនៅកម្ពុជា តាំងពីផ្ទុះដំបូង ដោយសារបានថ្នាក់ដឹកនាំកំពូល គឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានខិតខំយកចិត្តទុក្ខដាក់ស្វែងរក ថ្នាំវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសរហូតបានជោគជ័យឈានដល់បើកចំហរប្រទេសនិងដាក់ឲ្យដំណើរការរាល់អាជីវកម្ម សាលារៀន ពិសេសលើគ្រប់វិស័យឡើងវិញ ជាធម្មតាតែត្រូវអនុវត្តវិធានរបស់ក្រសួងសុខាភិបាល «៣កុំ និង៣ការពារ» ជាប់ជាប្រចាំផងដែរ៕