(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អមដំណើរដោយលោកស្រី ស៊ិន រតនា ជាអភិបាលរងខណ្ឌ ព្រមទាំងសហការីបានជួបសំណេះសំណាល និងនាំអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋទីទ័លក្រដែលកំពុងមានជីវភាពខ្វះខាតចំនួន ៩៦គ្រួសារ នៅសង្កាត់បឹងកេងកងទី២ និងសង្កាត់បឹងកេងកងទី៣ ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។

លោកអភិបាល បានឱ្យដឹងថា ប្រជាពលរដ្ឋ ដែលខ្វះខាត ផ្នែកជីវភាពប្រមាណ ៩៦គ្រួសារនេះ ក្នុងនោះចំនួន ៣០គ្រួសារ មកពីភូមិ១ សង្កាត់បឹងកេងកងទី៣ និងចំនួន ៣៦គ្រួសារ មកពីភូមិ០២ សង្កាត់បឹងកេងកងទី២។

ឆ្លៀតក្នុងឱកាសនោះ លោក ធឹម សំអាន ក៏បានរំឮកទៅដល់ប្រជាជនទាំងអស់នៅមូលដ្ឋានខណ្ឌបឹងកេងកង ពិសេសប្រជាពលរដ្ឋមកទទួលអំណោយ នៅរសៀលថ្ងៃនេះ ឱ្យបន្តថែទាំសុខភាពជាប្រចាំ និងចូលរួមអនុវត្តន៍នូវវិធានការសុខា និងវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទបប់ស្កាត់ការចម្លងជំងឺកូវីដ១៩។

លោកស្រី ស៊ិន រតនា បានបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូ, មីចំនួន ១០កញ្ចប់, ទឹកស៊ីអ៉ីវ ទឹកត្រីចំនួន០៤ដប, ម៉ាស ចំនួន០១កញ្ចប់, ត្រីខ ចំនួន០២កំប៉ុង, ថ្នាំ ចំនួន ០១កញ្ចប់ និងក្រូចថ្លុង ចំនួន ០១ផ្លែផងដែររ៕