(ភ្នំពេញ)៖ លោកស្រី ម៉ារីស ផែន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលី បានសម្តែងការអបអរសាទរចំពោះកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន នៅឆ្នាំក្រោយនេះ។ ទន្ទឹមនឹងនេះ លោកស្រី បានអះអាងថា អូស្រ្តាលីនឹងជួយកម្ពុជាឱ្យទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាន។

ការអះអាងរបស់លោកស្រី ម៉ារីស ផែន បានធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសមជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព គ្រាដែលលោកស្រីមកបំពេញទស្សនកិច្ចផ្លូូវការរយៈពេល២ថ្ងៃ។

ក្រោយបញ្ចប់ជំនួបនេះ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងក្របខណ្ឌពហុភាគី លោកស្រី បានសម្តែងការអបអរសាទរចំពោះកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន។ លោកស្រីសម្តែងនូវការពេញចិត្ត និងរីករាយខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអូស្ត្រាលី ហើយលោកស្រី បានជម្រាបសម្តេចតេជោថា នឹងជួយកម្ពុជាឱ្យទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាននេះ។

លោកស្រីក៏បានសម្តែងនូវការរីករាយជាមួយកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា ទាំងក្របខណ្ឌទ្វេភាគី ពហុភាគី។ សម្រាប់ក្របខណ្ឌទ្វេភាគី លោកស្រី បានសម្តែងនូវការរីករាយចំពោះផ្លែផ្កាទទួលបានពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិស័យយោធា វិស័យអប់រំ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ បានឯកភាពជាមួយការវាយតម្លៃរបស់លោកស្រី ចំពោះភាពល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ក្នុងក្របខណ្ឌអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អូស្ត្រាលីនឹងចូលរួមជាប្រទេសសមាជិកអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីឈានឆ្ពោះទៅរកការតភ្ជាប់អាស៊ានឡើងវិញ បន្ទាប់ពីរងការកាត់ផ្តាច់ដោយសារជំងឺកូវីដ១៩។

អូស្រ្តាលី និងកម្ពុជា បានចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ១៩៥២។ ទំនាក់ទំនងពាណិជ្ជកម្មរវាងអូស្រ្តាលី និងកម្ពុជា គឺមានការកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ២០២០ ទំនិញស្រដៀងគ្នាដែលត្រូវបានធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានទំហំសរុប ៤៣២.៤លានដុល្លារ ដែលជាការកើនឡើង ២១.៦ភាគរយ ធៀបនឹងឆ្នាំ២០១៩។ រីឯទំនិញអូស្រ្តាលី ដែលនាំចូលមកកម្ពុជា ក្នុងឆ្នាំ២០២០ មានទំហំសរុប ១២១.៤លានដុល្លារ ដែលជាការកើនឡើង ៤៣.៥ភាគរយ ធៀបនឹងឆ្នាំ២០១៩។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី១ កាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅនេះ ថ្នាក់ដឹកនាំអាស៊ានបានឯកភាពបង្កើតឱ្យមានភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមួយរវាងអាស៊ាន និងអូស្រ្តាលី និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីធ្វើការជាមួយអូស្រ្តាលី ដើម្បីឱ្យភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនោះមានប្រសិទ្ធភាព។

ខណៈកម្ពុជាក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕