(ភ្នំពេញ)៖ នៅចំណុចការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើកឲ្យប្រើប្រាស់ផ្លូវក្រោមដីថ្មីជាបណ្តោះអាសន្ន ពីមហាវិថីចោមចៅ (ផ្លូវវេងស្រេង) ទៅផ្លូវជាតិលេខ៤ ខណៈក្រុមការងារកំពុងដំណើរការអ៊ុតកៅស៊ូផ្លូវតភ្ជាប់ ពីមហាវិថីសហព័ន្ឋរុស្សុី ទៅផ្លូវជាតិលេខ៤ និងផ្លូវតភ្ជាប់ពីមហាវិថីចោមចៅ ទៅមហាវិថីសហព័ន្ឋរុស្សុី ក្នុងរយៈពេល១៤ថ្ងៃ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីសម្រួលការកកស្ទះចរាចរ ក្នុងពេលដំណើរការអ៊ុតកៅស៊ូផ្លូវតភ្ជាប់ពីមហាវិថីសហព័ន្ឋរុស្សុី ទៅផ្លូវជាតិលេខ៤ និងផ្លូវតភ្ជាប់ពីមហាវិថីចោមចៅ ទៅមហាវិថីសហព័ន្ឋរុស្សុី ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានធ្វើការពង្វាងចរាចររយៈពេល១៤ថ្ងៃ ដោយបើកឲ្យប្រើប្រាស់ផ្លូវក្រោមដីថ្មីជាបណ្តោះអាសន្ន ពីមហាវិថីចោមចៅ ទៅផ្លូវជាតិលេខ៤។

សូមជម្រាបថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែ និងចំណាយថវិការសាងសង់ប្រមាណ២២លានដុល្លារអាមេរិក។

ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែកគឺ ស្ពានទី១ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមក ជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមា ដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។

ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី ឆ្ពោះទៅវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។

ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវ និងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដី ប្រវែង១១៧ម៉ែត្រ) ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានប្រវែងសរុប៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព៤០គីឡូម៉ែត្រ ក្នុងមួយម៉ោងសម្រាប់ផ្លូវទទឹងទំហំ ទទឹង៨,៥ម៉ែត្រ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ។ ស្ពាននឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។

សូមបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការកាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕