(មណ្ឌលគិរី)៖ បងប្អូនជនជាតិភាគតិចភ្នង ចំនួន១០២គ្រួសារ នៅឃុំដាក់ដាំ និងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ទទូចឱ្យអាជ្ញាធរខេត្ត មេត្តាហាមឃាត់ជាបន្ទាន់ ចំពោះបុគ្គលម្នាក់ដែលគេដឹងថាជាតំណាងក្រុមហ៊ុន វូជីសាន (ដើមស្រល់) បានយកគ្រឿងចក្រមកឈូសឆាយក្រវ៉ាត់ព្រំដីក្រុមហ៊ុន ធ្វើឱ្យប៉ះពាល់ដល់ព្រៃតំណម ព្រៃកប់ពីដូនតារបស់ពួកគេ។

កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានបងប្អូនជាតិជាតិភាគតិចភ្នងមកពីភូមិពូឆប ឃុំដាក់ដាំ និងខ្លះទៀតមកពីឃុំសែនមនោរម្យ ក្នុងស្រុកអូររាំង បានមកសម្តែងការកើតទុក្ខមិនសុខចិត្តចំពោះ លោក អ៊ុ ណាគ្រី ដែលគេស្គាល់គាត់ជាតំណាងឱ្យក្រុមហ៊ុន វូជីសាន (ដើមស្រល់) បានមកឈូសឆាយព្រំដី ដើម្បីសម្គាល់ព្រំដីរបស់ក្រុមហ៊ុន វូជីសាន តែផ្ទុយទៅវិញការឈូសឆាយព្រំចំនួន៣ទីតាំង គឺសុទ្ធតែប៉ះពាល់ដីភ្នំតំណម ដីព្រៃកប់ខ្មោច និងដីចម្ការវិលជុំ ដែលពួកគាត់អាស្រ័យផល។

បើតាមលោក ស្រេវ ក្លន តំណាងបងប្អូនជនជាតិដើមភាគតិចភ្នងទាំង១០២គ្រួសារ ដែលមានទំនាស់ដីធ្លី បានរៀបរាប់ថា «ការឈូសឆាយរបស់តំណាងក្រុមហ៊ុន វូជីសាន ឈ្មោះ អ៊ុ ណាគ្រី បានធ្វើការឈូសឆាយចំនួន៣ទីតាំង គឺឈូសព្រំដីក្រុមហ៊ុន គឺប៉ះដីភ្នំតំណម ដីព្រៃកប់ខ្មោច និងដីចម្ការវិលជុំ របស់ពួកគាត់»។

លោក ស្រេវ ក្លន បានបន្តថា ការឈូសឆាយទាំង៣ចំណុចនោះរួមមាន៖ ចំណុច អូរទេ (ភាសារជនជាតិយោគទឹយ) ភ្នំរន្ទះ (ភាសាជនជាតិយោគង្លាយ) និងចំណុចភ្នំជិនឡុង ភាសាជនជាតិយោគជិនឡុង ការឈូសឆាយទាំង៣ទីតាំងខាងលើនោះ គឺសុទ្ធតែត្រូវបានពួកគាត់ធ្វើការហាមឃាត់។

ជាមួយគ្នានេះដែរ លោកស្រី ផូន ស្រូន បានលើកឡើងថា ការឈូសឆាយនេះពួកគាត់បានផ្តល់ព័ត៌មាននេះ ទៅលោក សៀក មុន្នី អភិបាលស្រុកអូររាំង ជាច្រើនលើកតែមិនឃើញវត្តមានលោកអភិបាលចុះមកដោះស្រាយ ឬពិនិត្យការឈូសឆាយនេះឡើយ។

លើសពីនេះទៅទៀតលោកស្រី ផូន ស្រូន បានបន្តថា «ពួកគាត់បានឃាត់គ្រឿងចក្រមិនឱ្យបន្តឈូសឆាយទៀតដែរ ប៉ុន្តែ លោក អ៊ុ ណាគ្រី តំណាងក្រុមហ៊ុន វូជីសាន និយាយថា គេនៅតែបន្តឈូសព្រំដដែលនៅពេលណា លោក សៀក មុន្នីអភិបាលស្រុកអូររាំងឲ្យឈប់ទើបគ្រឿងចក្រឈប់ឈូសឆាយ»

លោកស្រីបានបន្តថា រូបគាត់ត្រូវបានលោក អ៊ុ ណាគ្រី ដេញវាយគាត់ទៀតផង។

លោក ស្រេវ ក្លូន ជនជាតិភ្នង បានសំណូមពរដល់អាជ្ញាធរមានសត្ថកិច្ចខេត្តមណ្ឌលគិរី ជួយបញ្ឈប់សកម្មភាពឈូសឆាយនេះតទៅទៀត រង់ចាំរកដំណោះស្រាយ។

មិនតែប៉ុណ្ណោះលោក ស្រេវ ក្លន តំណាងចាស់ទុំ ក្នុងភូមិពូឆប ឃុំដាក់ដាំ បានតម្រូវឱ្យ លោក អ៊ុ ណាគ្រី ទិញក្របីចំនួន១ក្បាល និងលុយកាក់មួយចំនួនផងដែរ ដើម្បីសែនព្រេនលីសលាង សុំសេចក្តីសុខក្នុងភូមិដែលជាទំនៀមទំលាប់ប្រពៃណីរបស់ពួកគាត់។

ទាក់ទងជុំវិញការចោទប្រកាន់ខាងលើនេះភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តមណ្ឌលគិរី បានព្យាយាមសុំការបំភ្លឺពីសំណាក់លោក អ៊ុ ណាគ្រី តំណាងក្រុមហ៊ុន វូជីសាន ដែរ តែមិនស្គាល់លេខទូរស័ព្ទ។

ចំពោះករណីនេះដែរ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តមណ្ឌលគិរី សុំការយោបល់ចំពោះជុំវិញករណី ព្រោះជាដែនសមត្ថកិច្ចរបស់លោក ប៉ុន្តែ លោកអភិបាលស្រុកពុំបានធ្វើការអធិប្បាយរឿងរ៉ាវនេះឡើយ៕