(បាកក, ថៃ)៖ ក្នុងដំណើរបំពេញការងារនៅក្នុងប្រទេសថៃ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញទស្សនកិច្ចស្វែងយល់កន្លែងផលិតផលិតផលគ្រឿងសម្អាង និងអាហារបំប៉នសុខភាព នៅក្រុមហ៊ុនអៃរៀលប្លាស់ ក្នុងខេត្តនគរប៉ាធុម ប្រទេសថៃ។ ផលិតផលគ្រឿងសំអាង និងអាហារបំប៉នជាច្រើន ដែលផលិតដោយក្រុមហ៊ុនអៃរៀលប្លាស់នេះ កំពុងចរាចរនៅលើទីផ្សាររបស់កម្ពុជា។

ក្នុងដំណើរចុះស្វែងយល់នៅទីតាំងក្រុមហ៊ុនផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងនេះ ក៏មានការចូលរួមពីលោក អាក់ភិឆា រ៉ាក់យ៉ាប់ស៊ី ទីប្រឹក្សាសមាគមន៍អ្នកកាសែតភូមិភាគថៃ និងលោក អាក់ណាន់ នីលម៉ានុន នាយកសមាគមន៍អ្នកកាសែតភូមិភាគនៃប្រទេសថៃ និងគណៈប្រតិភូអមដំណេីរជាច្រេីននាក់ទៀត។

រុមហ៊ុនអៃរៀលបា្លស់នេះ មានរោងចក្រផលិតគ្រឿងសម្អាង និងអាហារបំប៉នជំនួយសុខភាពដែលប្រើបច្ចេកវិទ្យា និងវិធីសាស្រ្តផលិតទាន់សម័យ និងមានបទពិសោធន៍រយៈពេល ១៥ឆ្នាំមកហើយ។ ក្រុមហ៊ុនបានទទួលផលិតទំនិញចែកចាយលេីទីផ្សារជាង ៤,០០០មុខ និងបម្រើអតិថិជនមកពី ៥០ប្រទេសទូទាំងពិភពលោក។

លោកបណ្ឌិត សុខ សុក្រឹត្យា បានបញ្ជាក់ថា ទំនិញគ្រឿងសម្អាង និងអាហារបំប៉នជំនួយសុខភាព នឹងមានទីផ្សារកាន់តែខ្ពស់ ក្រោយពេលស្ថានការជំងឺកូវីដ១៩ បានធូរស្បើយឡើងវិញ។ ជនជាតិថៃ ជនជាតិកម្ពុជា និងប្រជាពលរដ្ឋលើពិភពលោក នឹងមានការយកចិត្តទុកដាក់ពីបញ្ហាសុខភាពកាន់តែច្រើនឡើង។ ស្របពេលជាមួយគ្នានេះ អតិថិជនចេះគិតគូរថែរក្សាសុខភាពខ្លួនឯងឱ្យរឹងមាំ ហើយពួកគេនឹងចាប់អារម្មណ៍នូវផលិតផលដេីម្បីសម្រស់ និងសុខភាពទាំងអស់នេះ។

លោកបណ្ឌិតបានបន្ថែមថា សម្រាប់កម្ពុជា កំពុងពេញនិយមផលិផល SME របស់ថៃ បើសិនផលិតផលអៃរៀលប្លាស់ ពង្រីកទីតាំងការផលិត ឬមានឃ្លាំងស្តុកទំនិញធំនៅកម្ពុជា នឹងធ្វើឱ្យផលិតផលនេះក្លាយជាទំនិញទាក់ទាញ និងពេញនិយមនៅកម្ពុជាពុំខាន។

ចំពោះផលិតផលថែរក្សាសម្ភស្ស និងគ្រឿងសម្អាង ក៏ជាប្រភេទទំនិញដែលអាចប្រែទៅជាផលិតផលទេសចរណ៍ ជាទំនិញអនុស្សាវរីយ៍សម្រាប់អ្នកទេសចរទិញយកទៅផ្ញេីសាច់ញាតិ មិត្តភកិ្ត ហើយក៏អាចនឹងក្លាយជាផលិតផលដែលពលរដ្ឋអាស៊ាន និងអ្នកទេសចរទូទាំងពិភពលោកចាប់អារម្មណ៍ទិញផងដែរ៕