(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចរដ្ឋសភាទទួលបន្ទុករៀបចំពិធីឈាបនកិច្ចសព លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន មន្ទីរ និងអភិបាលរាជធានី-ខេត្ត លោកឧកញ៉ា និងសិស្សានុសិស្សទាំងអស់ ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ ផ្ញើសាររំលែកទុក្ខ និងបានចាត់គណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកកិត្តិនីតិកោសលបណ្ឌិត តាំងពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់បានប្រព្រឹត្តទៅដោយរលូន សមរម្យស្របតាមកិត្តិយសដ៏ខ្ពង់ខ្ពស់ និងស្របតាមប្រពៃណីព្រះពុទ្ធសាសនា។

ជាមួយនឹងការថ្លែងអំណរគុណនេះ គណៈកម្មការចំពោះកិច្ចរដ្ឋសភា សូមបួងសួងដល់គុណព្រះរតនត្រៃយ៍ និងវត្ថុសក្តិសិទ្ធទាំងអស់ សូមជួយបីបាច់ថែរក្សានិងប្រទានពរជ័យមង្គលជូនដល់ សម្តេច លោក លោកស្រី លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា សូមបានប្រកបតាមពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពល្បៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានទទួលមរណភាព នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ៕