(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញការប្តេជ្ញាចិត្តបន្តខិតខំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបាន១០០% នៅឆ្នាំ២០២៣ ខាងមុខនេះ ខណៈក្រសួងរៀបចំដែនដី ចេញបណ្ណកម្មសិទ្ធិបាន ៦,៣លានក្បាលដីហើយ មកដល់ពេលនេះ។

ថ្លែងក្នុងកម្មពិធី «សម្ពោធទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងថា វិស័យដីធ្លី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសម្រេចចេញបណ្ណកម្មសិទ្ធិបាន ៦,៣លានបណ្ណ ស្មើនឹង ៩០,០៣% នៃចំនួនក្បាលដីប៉ាន់ស្មានសរុប ៧លានក្បាលដី។

«បន្តខិតខំចុះបញ្ជីដីធ្លីឱ្យបាន១០០% នៅឆ្នាំ២០២៣ ធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ បង្កើនប្រាក់ចំណូល រួមចំណែកក្នុង ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកឧបនាយករដ្ឋមន្រ្តី។

ជាមួយគ្នានេះដែរ ក្រសួង បានខិតខំដោះស្រាយវិវាទដីធ្លីគ្រប់រូបភាពបានសរុប ១០,៦៣៤ ករណី កំពុងដោះស្រាយ ៣ ១៤៨ ករណី។ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី កំពុងបន្តដោះស្រាយវិវាទនៅខេត្ត កោះកុង ដែលនឹងឈានដល់ការស្រុះស្រួលបញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោកបន្តទៀតថា សមិទ្ធផលទាំងឡាយខាងលើនេះ បានមកពីការដឹកនាំដ៏ត្រឹមត្រូវ និងការចង្អុលដាក់ទិសដ៍ ច្បាស់លាស់និងម៉ឹងម៉ាត់របស់ សម្តេចតេជោ និងការសហការរបស់ក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ដែលផ្ដល់លទ្ធភាពឱ្យក្រសួងបានចូលរួមអនុវត្តប្រកបដោយមោទនភាពនូវ «កម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា» «យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល និង «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩ ២០២៣» សំដៅធ្វើឱ្យសម្រេចនូវ «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០» ពិសេសចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០៕