(ភ្នំពេញ)៖​ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីមានបុរស២នាក់ បានប្រើកាំភ្លើងខ្លីបាញ់ប្រហារ​ ជាច្រើនគ្រាប់នៅមុខទីតាំង ហ្គេមបាញ់ត្រីមួយកន្លែង នៅប្លុកបឹងឈូក ក្នុងស​ង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ​នាម៉ោង​ ១៖៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០១៦​នេះ​ ។

បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា ​នៅម៉ោងខាងលើគេបានឃើញយុវជនរងគ្រោះ​ បានឈ្លោះប្រកែកជាមួយជនបង្ក​២នាក់ លុះមួយសន្ទុះក្រោយមក​ មិនដឹងថា មានរឿងអ្វីកើតឡើងរវាងជនបង្ក និងជនរងគ្រោះនោះទេ​ គឺស្រាប់តែជនបង្កទាំង២នាក់ បានដកកាំភ្លើងខ្លើងខ្លីពីចង្កេះ ធ្វើការបាញ់ប្រហារមកលើជនរងគ្រោះជាច្រើនគ្រាប់ បណ្តាលឲ្យត្រូវ​ ចង្កេះពីខាងក្រោយធ្លាយមកពោះ​ រងរបួសដេកដួលតែម្តង​។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបាញ់ហើយជនបង្កទាំង២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក​ Fino ពណ៌សលាយផ្កាឈូក គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល​ ដោយបន្សល់ទុកនៅតែជនរងគ្រោះ និងសំបកគ្រាប់កាំភ្លើង នៅកន្លែងកើតហេតុតែប៉ុណ្ណោះ​  ហើយជនរងគ្រោះត្រូវបាន​ មិត្តភក្តិដឹកយកទៅសង្គ្រោះអាយុជីវិត នៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗផងដែរ​   ។

បើតាមការប្រាប់ពីឪពុក របស់ជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ​ ឆាយ​ ចិន្តា​ ស្នាក់នៅផ្ទះលេខ៤៩បេ ផ្លូវលេខ​១៣៩​ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក​ ៕

Posted by Fresh News Photo on Sunday, April 10, 2016