(កំពង់ធំ)៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្តល់ម៉ាសចំនួន២០ម៉ឺនម៉ាសដល់រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅគេហដ្ឋានលោកបណ្ឌិត ភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ជា បូរ៉ា បានលើកឡើងថា នេះជាការចូលរួមចំណែករបស់ក្រុមហ៊ុនវ៉នឌើផាសថេកណូឡូជី តាមរយៈលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងការចូលរួមចំណែកជួយយកចិត្តទុកដាក់ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវី១៩ ឲ្យបានឆាប់រហ័សផងដែរ។

ជាមួយគ្នានេះដែរ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ជា បូរ៉ា និងលោកបណ្ឌិត ថោង ខុន ព្រមទាំងក្រុមហ៊ុន វ៉នឌើផាសថេកណូឡូជី ដែលបានឧបត្ថម្ភម៉ាសចំនួន២០ម៉ឺនម៉ាស ស្របពេលតម្រូវការចាំបាច់នៃការប្រើប្រាស់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

លោក ងួន រតនៈ រួមទាំងអភិបាលក្រុង ស្រុងទាំង៩មានចិត្តត្រេកអរក្រៃលែង ដែលទទួលបាននូវម៉ាសទាំងអស់នេះ និងសូមគោរពជូនពរឱ្យលោក និងតំណាងក្រុមហ៊ុន សម្រេចជោគជ័យគ្រប់ភារកិច្ចជៀសផុតពីមេរោគដ៏កាចសាហាវនេះ មានសុខភាពល្អទាំងក្រុមគ្រួសារ។

គួរបញ្ជាក់ដែរថា ម៉ាសចំនួន២០ម៉ឺនម៉ាស ត្រូវបានបែងចែកដល់ក្រុងស្រុកទាំង៩ដោយក្រុងស្រុកនីមួយៗ ទទួលបាន១ម៉ឺនម៉ាស ចំណែកសាលាខេត្តទទួលបាន១១ម៉ឺនម៉ាស ផងដែរ៕