(ភ្នំពេញ)៖ លោកស្រី Gung Wing Hang Elsie អគ្គនាយករងធនាគារចិន និងលោក ទង ពុទ្ធី នាយកគ្រប់គ្រងធនធានមនុស្ស នៃធនាគារចិន និងសហការី នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ បាននាំនូវអំណោយពីធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ មានដូចជា កុំព្យូទ័រយួរដៃ២ គ្រឿង ម៉ាស៊ីនព្រីន ១គ្រឿង និងអំណោយផ្សេងៗទៀត មកប្រគល់ជូនក្រុមការងារសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ទីស្នាក់ការនៅរាជធានីភ្នំពេញ ក្នុងឱកាសទិវាសប្បុរសធម៌ ធនាគារចិនហុងកុង ០៧ វិច្ឆិកា។

ក្នុងនោះ ក៏មានការចូលរួមពីសំណាក់ លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសសមាគមនិស្សិត លោក ញិល សូវៀត សមាជិកក្រុមប្រឹក្សាភិបាលសមាគម លោក ពេជ ដារ៉ូ សមាជិកក្រុមប្រឹក្សាភិបាលសមាគម លោក ហុង ហេងទ្រី អតីតអនុប្រធានក្រុមនិស្សិតកម្ពុជាប្រចាំទីក្រុងប៉េកាំង អាណត្តិទី១ (ឆ្នាំ២០១៦) កញ្ញា លី មន្នី ទីប្រឹក្សាសមាគម លោក ហ៊ីម កំផែ ប្រធានក្រុមនិស្សិតអាហារូបករណ៍ឯកឧត្តម ស សុខា ខេត្តអាហួយ ប្រទេសចិន និង លី សៀវហ្វុង អនុប្រធានក្រុមពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជាចិន និងនិស្សិត សរុបមានចំនួន៨០នាក់។

នៅក្នុងពិធីប្រគល់ និងទទួលអំណោយពីធនាគារចិន លោក អ៊ុំ វុទ្ធទី តំណាងឲ្យសមាគមនិស្សិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារចិនហុងកុង ដែលតែងតែគាំទ្រសកម្មភាព និងឧបត្ថម្ភសម្ភារជាហូរហែ ដែលទ្រទ្រង់សកម្មភាពរបស់សមាគមនិស្សិត ក្នុងការរួមចំណែកជួយដល់និស្សិត និងសង្គមជាតិ។

លោក វុទ្ធទី បានបន្តផ្តាំផ្ញើដល់និស្សិតទាំងអស់ ដែលកំពុងសិក្សាតាមអនឡាយនៅប្រទេសចិន ត្រូវតែបន្តខិតខំរៀនសូត្រ ដែលរង់ចាំឱកាសត្រលប់ ទៅបន្តការសិក្សានៅប្រទេសចិនវិញ នៅឆ្នាំក្រោយ ក្រោយពីមានការជួយជ្រោមជ្រែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការវិលត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនដោយផ្ទាល់ឡើងវិញ។

លោក ទង ពុទ្ធី បានជំរុញឲ្យនិស្សិតទាំងអស់ បន្តការខិតខំរៀនសូត្រ ទោះបីជាមិនទាន់អាចត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនវិញ ក្នុងបរិបទការរីករាលដាល កូវីដ១៩ ព្រមទាំងជំរុញឲ្យនិស្សិតទាំងអស់ បន្តការគាំទ្រសកម្មភាពរបស់សមាគមនិស្សិត ដែលកន្លងមក បានធ្វើសកម្មភាពជាច្រើន ដែលជាប្រយោជន៍ ដល់សិស្សនិស្សិត ជាពិសេសជួយដល់សង្គមជាតិ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ផ្តើមពីខែមេសា រហូតដល់ពេលបច្ចុប្បន្ន ដែលបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានប្រមាណ៨ម៉ឺននាក់ ដែលជាស្នាដៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជាចិន នៃសមាគមនិស្សិតកម្ពុជា ប្រចាំប្រទេសចិន។

លោកស្រី Gung wing hang Elsie បានថ្លែងថា «ចាប់តាំងពីការកកើត នៃធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ ពួកយើងតែងតែចាត់ទុកការផ្តល់សេវាកម្ម ដល់និស្សិតអន្តរជាតិជាអាជីវកម្មដ៏សំខាន់»។ លោកស្រីជឿជាក់ថា ធនាគារនឹងជាដៃគូយូរអង្វែងក្នុងការផ្តល់សេវាកម្មធនាគារដ៏ទូលំទូលាយ នៅពេលនិស្សិតអន្តរជាតិចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ លោកស្រីក៏បានលើកទឹកចិត្ត ដល់សិស្សានុសិស្ស ឲ្យចូលរួមជាមួយធនាគារចិន ក្រោយត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីបន្តរួមចំណែកក្នុងវិស័យធនាគារ នៅក្នុងស្រុកបន្ថែមទៀត។

លោកស្រីបានបន្តថា លើសពីនេះ ចាប់តាំងពីឆ្នាំ ២០១០មក ដែលធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ បានបើកដំណើរការនៅកម្ពុជា ធនាគារនេះ បាននឹងកំពុងបង្កើតផលិតផលធនាគារ យ៉ាងពេញលេញសម្រាប់សិស្ស-និស្សិត ដែលទៅសិក្សានៅក្រៅប្រទេស។ ជាពិសេស សេវាកម្មបង់ប្រាក់ និងផ្ទេរប្រាក់។ ធនាគារចិនក៏ទទួលបានជោគជ័យ ក្នុងការគាំទ្រសិស្ស-និស្សិតអន្តរជាតិ ស្របពេលដែលសិស្ស-និស្សិតជាច្រើន បានចូលរួមជាមួយធនាគារចិន បន្ទាប់ពីបញ្ចប់ការសិក្សាពីប្រទេសចិនវិញ និងមួយចំនួនបានក្លាយជាឆ្អឹងខ្នង នៃក្រុមការងារគ្រប់គ្រងនៃធនាគារយើងខ្ញុំ។

ទន្ទឹមគ្នានេះដែរ លោកស្រី បានបញ្ជាក់ថា ធនាគារចិន នៅតែបន្តការគាំទ្រ និងចូលរួមឧបត្ថម្ភទ្រទ្រង់សកម្មភាព តាមផែនការសកម្មភាពរបស់សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំ២០២២-២០២៣។

ក្នុងឱកាសនោះផងដែរ លោក អ៊ុំ វុទ្ធទី តំណាងឲ្យសមាគមនិស្សិត បានទទួលអំណោយជាសម្ភារៈការិយាល័យពីធនាគារចិនហុងកុង ព្រមទាំងបានប្រគល់នូវ សៀវភៅចំណងជើងថា «សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា» «ទឹកចិត្តអ្នកជួយសង្គ្រោះ» និង «សម្តេច ហ៊ុន សែន វីរបុរសសង្ហា ដើរបញ្ច្រាសទិស ប្រយុទ្ធកូវីដ-១៩» ជាភាសាអង់គ្លេស និង ភាសាចិន ជូនលោកស្រី Gung wing hang Elsie ជាកាដូរអនុស្សាវរីយិ៍ ដែលជាស្នាដៃរៀបរៀង របស់លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕