(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថា ការមានកន្លែងធ្វើការងារល្អប្រសើរ តែបើការបម្រើការងារមិនមានប្រសិទ្ធភាព គឺស្មើនឹងគ្មានន័យ ឬសូន្យ។

ការក្រើនរំលឹករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់នេះ បានចំណាយថវិកាសាងសង់ជាង ២៨លានដុល្លារ ជាថវិការបស់ជាតិ។

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ ជាអគារដែលបានរំលេចនូវភាពមហស្ចារ្យនៃស្ថាបត្យកម្មខ្មែរក្នុងយុគ្គសម័យទំនើប បានរំលេចនូវក្បូរច្បាច់រចនាយ៉ាងល្អក្រៃលែង ហើយទទួលបានការស្ញប់ស្ញែងជាខ្លាំងចំពោះភាពប្រណិតនៃអគារមួយនេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាពជាខ្លាំងចំពោះសំណង់ដ៏ប្រណិតនេះ ដែលជាការឆ្លុះឱ្យឃើញនូវដំណើរវិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន បើធៀបអតីតកាលរកកន្លែងធ្វើការគ្មាននោះ។

ទន្ទឹមនឹងមោទនភាពចំពោះសមិទ្ធផលរបស់ជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ដំបូន្មានមួយចំនួនដល់មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថា ការរកអគារ សាងសង់អគារជារឿងលំបាកមួយទៅហើយ តែការថែទាំអគារ ដើម្បីប្រើប្រាស់បានយូរអង្វែង ក៏រឹតតែលំបាកទៅទៀត។

សម្តេចតេជោ ក៏បានផ្តល់ដំបូន្មានថែមទៀតថា ការមានកន្លែងធ្វើការងារល្អ ជារឿងប្រសើរហើយ តែរឿងកាន់តែប្រសើរថែមទៀតនោះ គឺការធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា មានកន្លែងធ្វើការងារល្អ តែការងារមិនមានប្រសិទ្ធភាព គឺស្មើសូន្យ។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «មានអគារធ្វើការល្អ វាល្អហើយ ប៉ុន្តែអ្វីដែលសំខាន់ ស្នូលរបស់វា គឺនៅត្រង់ប្រសិទ្ធភាពការងារ។ ត្រូវចាំណាយុទ្ធសាស្ត្រចតុកោណ ចំណុចចុងក្រោយគេ គឺប្រសិទ្ធភាព។ បើកន្លែងធ្វើការល្អ បែរអត់ប្រសិទ្ធភាពស្មើសូន្យ»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកមន្ត្រីនៅក្រសួងយកចិត្តទុកដាក់សន្សំសំចៃទឹក និងភ្លើងផងដែរ ដើម្បីចៀសការខ្ជីខ្ជាថវិការបស់ជាតិ៕