(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់អគារទីស្តីការក្រសួង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបរាប់ពីលក្ខណៈពិសេស របស់អគារដ៏ល្អពិសិដ្ឋមួយនេះ។

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។ អគារនេះ មានរចនាបថ ស្ថាបត្យកម្មអគារមុខដាច់ រចនាឡើងតាមបែបស្ថាបត្យកម្មរួមសម័យ មានស្ថាបត្យកម្មសម័យបុរាណខ្មែរ និងសម័យទំនើប តុបតែងដោយគ្រឿងលម្អស្ថាបត្យកម្មបុរាណប្រពៃណីខ្មែរនិយម។ នេះបើតាមការរៀបរាប់របស់ លោកឧបនាយករដ្ឋមន្រ្តី។

លោកបន្តថា អគារប្រណីតនេះ ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ៤,៥ហិកតា ដោយតួអគារមានបណ្តោយ ១៣២,៧ ម៉ែត្រ និងទទឹង ៩៤,៧ម៉ែត្រ មានចំនួន ៨ ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ដល់ចុងកំពូលបុស្បុក ៨៨,៥ ម៉ែត្រ ដែលក្នុងនោះបុស្បុក មានកម្ពស់ ៣៣, ២៨ ម៉ែត្រ មានផ្ទៃក្រឡា បាតអគារទំហំ ១១ ១២៨ ម៉ែត្រការ៉េ ផ្ទៃក្រឡាសំណង់ ៦១ ៦៤២ ម៉ែត្រការ៉េ ផ្ទៃក្រឡាប្រើប្រាស់សរុបចំនួន ៣១ ៤០៨ ម៉ែត្រការ៉េ មានផលធៀបផ្ទៃក្រឡាបាត ៣៧,០៩% សួនជ្រាបទឹក ៣០% និងមានសន្ទស្សន៍ប្រើប្រាស់ ១,០៤ មានចំណតរថយន្តប្រមាណ ៦៧៨ គ្រឿង និងចំណតទោចក្រយានយន្ត។

លោកបានរៀបរាប់បន្ថែមថា ការិយាល័យធ្វើការ ត្រូវបានរៀបចំផ្អែកទៅតាមមុខងារប្រើប្រាស់សំណង់ ដែលក្នុងនោះ ជាន់ផ្ទាល់ដី មានសាលបដិសណ្ឋារកិច្ច អាហារដ្ឋាន ឃ្លាំង បណ្ណាល័យ មជ្ឈមណ្ឌលបណ្តុះបណ្តាល ការិយាល័យច្រកចេញចូលតែមួយ និងសួនផ្ការំដួលជាដើម។ ជាន់ទី១ មានសាលប្រជុំខ្នាតតូចនិងមធ្យម ចំណុះ ៣៨៦នាក់ ឃ្លាំង និងបណ្ដុំនៃនាយកដ្ឋានទាំងឡាយរបស់ក្រសួង។ ជាន់ទី២ មានសាលប្រជុំខ្នាតធំចំណុះ ២០២១នាក់ បណ្ដុំនៃអគ្គនាយកដ្ឋាន គណៈស្ថាបត្យករ និងឃ្លាំង។ ជាន់ទី៣ មានបណ្ដុំនៃអគ្គនាយកដ្ឋាន នាយកដ្ឋាន និងឃ្លាំង។ ជាន់ទី៤ មានការិយាល័យរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ខុទ្ទកាល័យ សាលសវនាការអន្តរជាតិ សាលចុះពិធីសារ បន្ទប់ប្រជុំ បន្ទប់ពិធីការ និងការិយាល័យអគ្គាធិការដ្ឋានជាដើម។ ជាន់ទី៥ ចំកណ្តាលមានសាលប្រជុំអន្តរក្រសួង។ ជាន់ទី៥ ស្លាបខាងស្តាំនិងខាងឆ្វេង ជាន់ទី៦ និងជាន់ទី៧ ជាការិយាល័យសម្រាប់ជួលឱ្យវិស័យឯកជន។

ការសាងសង់អគារទីស្តីការនេះ ប្រើប្រាស់រយៈពេល ១ឆ្នាំ ១ខែ ២០ថ្ងៃ សិក្សាគម្រោងប្លង់និងរចនាដោយកូនខ្មែរ និងចំណាយថវិការបស់រាជរដ្ឋាភិបាលចំនួន ២៨ ៦៦៥ ១៣៦ ដុល្លារសហរដ្ឋអាមេរិក៕

រូបភាពដោយ៖ Thorng Sopanhaka | ថោង សុបញ្ញាកា