(រតនគិរី)៖ សហគមន៍បឹងយក្សឡោម នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកការដ្ឋានកៀរសម្រួលផ្លូវក្រាលគ្រួសក្រហម ព្រមទាំងដាក់លូរំដោះទឹក និងដាក់ថ្មមិចកិនបង្ហាប់ផ្លូវ ចាប់ពីស្ពានទី១ ដល់ស្ពានទី៣ ប្រវែង៥០០ម៉ែត្រ នៅតាមមាត់បឹង ។

ពិធីនេះ ធ្វើទ្បើងស្របពេលដែលរាជរដ្ឋាភិបាល បានបើកទីផ្សារសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទកូវីដ១៩ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ និងមានការរៀបចំសែនព្រេនតាមប្រពៃណីជនជាតិទំពួន ក្រោមវត្ត ដោយមានលោកពុធ ដានី អភិបាលរងក្រុងបានលុង និងលោក ទឹន លួង ចៅសង្កាត់បឹងយក្សឡោម ព្រមទាំងបងប្អូនប្រជាសហគមន៍បឹងយក្សឡោមជាច្រើននាក់ផងដែរ ។

លោកវ៉ន សាវឿន តំណាងសហគមន៍បឹងយក្សឡោមបានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ការដ្ឋាននេះបានចំណាយថវិការបស់សហគមន៍ ដោយរៀបចំឲ្យមានសោភ័ណ្ឌភាព, អនាម័យ, រៀបចំស្តង់លក់ដូរសម្រាប់អាជីរករ (គ្រឿងសូវឺនៀផលិតដោយជនជាតិ), ម្ហូបអាហារបងប្អូនជនជាតិដោយតម្លៃសមរម្យលក់ ជូនអ្នកទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ។

លោកបានបន្តថា សម្រាប់ថ្ងៃសៅរ៍-អាទិត្យ និងបុណ្យជាតិសំខាន់ៗសហគមន៍បឹងយក្សឡោម រៀបចំឆាកសម្តែងសិល្បៈបង្ហាញអំពី វប្បធម៌ ប្រពៃណីរបស់បងប្អូនជនជាតិទំពួន ជូនភ្ញៀវទស្សនា ដែលបានមកកម្សាន្តនៅបឹងយក្សឡោម ជាពិសេស អាចហែលទឹកលេងក្នុងបឹងយក្សឡោម ដោយមានបំពាក់ពោងសុវត្ថិភាពថែមទៀតផង ។

លោកតំណាងសហគមន៍បឹងយក្សឡោមរូបនេះ បញ្ជាក់បន្ថែមទៀតថា ការអភិវឌ្ឍន៍ខាងលើនេះមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដូចជា ព្រៃប្រឹក្សាអូរធម្មជាតិ ដែលមានទឹកហូរចូលបឹងយក្សឡោមនៅរដូវវស្សានោះទេ ។ ពោលគឺបង្កើនការទាក់ទាញភ្ញៀវទេសចរណ៍គយគន់ មើលទេសភាពធនធានធម្មជាតិដ៏ស្រស់ត្រកាល ហើយភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តនៅទីនេះមានអារម្មណ៍ផាសុខភាព និងសុវត្ថិភាពព្រោះខាងសហគមន៍បឹងយក្សឡោមសហការជាមួយសមត្ថកិច្ចក្នុងមូលដ្ឋានការពារមិនឲ្យបញ្ហាកើតឡើងឡើយ ។

ទាក់ទិនហ្នឹងប្រវត្តិបឹងយក្សឡោមនេះ លោកទឹន លួង ចៅសង្កាត់យក្សឡោម ដែលមានអាយុជាង៧០ឆ្នាំ បានប្រាប់ត្រួសៗឲ្យដឹងថា ដើមឡើយជនជាតិទំពួនហៅបឹងនេះថាយក្សរ៉ាឡោម ហើយនៅទីនេះដីស្រុតមានទឹកនិងត្រី ប៉ុន្តែខ្មែរហៅថាបន្ទុះភ្នំភ្លើង។ លោកបន្តថា បឹងយក្សរ៉ាឡោមនេះ ដើមឡើយស័ក្តិសិទ្ធណាស់ ហើយបើមានអ្នកមកលេងមិនសុំម្ចាស់ទឹក ឫម្ចាស់ដីទេ គឺខុសតំណមពេលត្រឡប់ទៅវិញធ្លាក់ខ្លួនឈឺ បើមិនកាប់គោ ឫក្របីសែនទេគ្រោះថ្នាក់ដល់ស្លាប់ ។

លោកទឹន លួង ដែលឪពុករបស់គាត់ជាមេភូមិ នៅបឹងយក្សឡោមនេះស្រាប់ បានបញ្ជាក់បន្ថែមថា ការដូរឈ្មោះបឹងយក្សរ៉ាឡោម ទៅជា បឹងយក្សឡោម គឺកាលនោះមានលោកស័ក្តិ២ម្នាក់ ឈ្មោះម៉ន ជាជនជាតិខ្មែរ និងជាអ្នកបង្កើតក្រុងបានលុង បានឲ្យដូរឈ្មោះថា បឹងយក្សឡោម ព្រោះងាយហៅឈ្មោះ ៕