នាយករដ្ឋមន្ត្រីអ៊ុយក្រែន ប្រកាសលាលែងពីតំណែង ដើម្បីអនុញ្ញាតឲ្យបង្កើតរដ្ឋាភិបាលថ្មី
10-04-2016 21:13
(អ៊ុយក្រែន)៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានប្រកាសនៅមុននេះបន្តិចថា លោកកំពុងតែរៀបចំ សំណើសុំលាលែងពីតំណែង ដើម្បីអនុញ្ញាតឲ្យមានការបង្កើតរដ្ឋាភិបាលថ្មី ឈានទៅរកការដោះស្រាយ វិបត្តិនយោបាយកន្លងមក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅយប់ថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០១៦។
ថ្លែងតាមកញ្ចក់ទូរទស្សន៍អ៊ុយក្រែន នាយករដ្ឋមន្ត្រីលោក Arseniy Yatsenyuk បានបញ្ជាក់ថា លោកនឹងបញ្ជូនសំណើសុំលាលែងជាផ្លូវការ ទៅកាន់សភា ដើម្បីធ្វើការអនុម័ត នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។
គួរបញ្ជាក់ថា គណរដ្ឋមន្ត្រីរបស់លោក Arseniy បានទទួលការ បោះឆ្នោតផ្តល់ទំនុកចិត្តពីសភាម្តង រួចមកហើយកាលពីកុម្ភៈ ប៉ុន្តែនៅមានគណបក្សប្រឆាំងចំនួនពីរទៀត មិនព្រមចូលរួមជាមួយរដ្ឋាភិបាលរបស់លោកឡើយ ហើយពួកគេបានទៅបង្កើតការតវ៉ា និង ប្រមូលផ្តុំបក្សពួកកាន់តែធំឡើងនៅក្នុងសភា៕