(បន្ទាយមានជ័យ)៖ នៅ​រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ នេះលោក​​ឧបនាយក​រដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរ​ជាតិប្រយុទ្ធ​​ប្រឆាំង​​គ្រឿង​ញៀន និងជាប្រធាន​ក្រុមការងារ​​ថ្នាក់ជាតិចុះ​ជួយមូល​ដ្ឋាន​​ខេត្តបន្ទាយ​មានជ័យ​​ យកចិត្តទុកដាក់ចំពោះទុក្ខលំបាក​របស់ប្រជា​ពលរដ្ឋ ដែលកំពុងខ្វះ​ខាតទឹកប្រើប្រាស់​ដោយ​ភាព​រាំងស្ងួត​ ការងារមនុស្សធម៌​ ជាពិសេសការងារ​​ដំបូល​ផ្ទះប្រកស្បូវ​ អោយអស់​​មកប្រក់​ដំបូលស័ង្កសី​ ។

ជាក់ស្តែង​លោកឧបនាយក​រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្ត បានចុះចែកទឹកជូនពលរដ្ឋ​​ដែរ​កំពុងប្រឈម និងការ​ខ្វះខាត​ទឹកស្អាតប្រើប្រាស់​​​ប្រជាពលរដ្ឋ​​ចំនួន៥ភូមិ នៅ ឃុំតាបែន ស្រុកស្វាយចេក ខេត្ត​បន្ទាយមានជ័យ។

ទាំងអស់នេះ​ គឺជាការឆ្លើយតបយ៉ាងឆាប់រហ័ស​ ក្រោយពីពលរដ្ឋកំពុងប្រឈមនិងការខ្វះខាតទឹកប្រើប្រាស់​។

ការចុះចែកទឹកស្អាតនោះបាននាំយកទឹកស្អាតចំនួន១៣៥,៥៥០ លីត្រ រថយន្តពន្លត់អគ្គិភ័យ​របស់ស្នង​ការដ្ឋាននគរបាល​ខេត្ត រថយន្តរបស់​លោកប្រាក់ សារ៉ាត់ រថយន្តរបស់មេឃុំភ្នំតូច រថយន្តរបស់កា​សីុណូ និងគោយន្ត ១៣៣ គ្រឿង ដឹកទឹកស្អាតចែកជូន  និង បានឧបត្ថម្ភសារ៉ុង ចំនួន ២៦១ សារ៉ុង ដល់ប្រជាពលរដ្ឋ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានលើកឡើងថា នាឱកាសនោះពលរដ្ឋបាន​សម្តែង​ការសប្បាយរីករាយ​​យ៉ាង​ខ្លាំង ពេលដែលបានឃើញការយកចិត្តទុកដាក់ ពីសំណាក់​​ថ្នាក់​ដឹកនាំ អាជ្ញាធរ​​​មូលដ្ឋានខេត្ត​ ជាពិសេស​​អាជ្ញាធរថ្នាក់ជាតិ​។ បើតាមលោកស្នងការខេត្តបន្ទាយមានជ័យ សម្រាប់ការជួយដឹកទឹក យកទៅឲ្យប្រជាពលរដ្ឋនៅនៅ៤ឃុំ របស់ស្រុកស្វាយចេក លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានឧបត្ថម្ភនូវប្រេងម៉ាស៊ូតចំនួន៤ពាន់លីត្រផងដែរសម្រាប់បន្តការងារនេះ៕