(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំសមាជិក សមាជិកា និងមន្ត្រីក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត ងួន ញិល អនុប្រធានទី១រដ្ឋសភា ដែលបានធ្វើមរណកាលកាលពីថ្ងៃម្សិលមិញនេះ។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះ លោក អ៉ឹម ឈុនលឹម ព្រមទាំងសមាជិក សមាជិកា និងមន្ត្រីក្រុមប្រឹក្សាធម្មនុញ្ញ បានសម្តែងនូវក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់លោកបណ្ឌិត ងួន ញិល។

លោក អ៉ឹម ឈុនលឹម បានគូសបញ្ជាក់ថា មរណភាពលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល មិនត្រឹមជាការបាត់បង់នូវលោកឪពុក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់របស់ក្រុមគ្រួសារបុ៉ណ្ណោះេទ បុ៉ន្តែគឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបរបស់ស្ថាប័ននីតិប្បញ្ញត្តិ និងរបស់ប្រទេសជាតិដែលពេញមួយជីវិតរបស់លោក បានចូលរួមចំែណកយា៉ងសកម្ម ក្នុងការបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក អ៉ឹម ឈុនលឹម ព្រមទាំងសមាជិក សមាជិកា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ សូមបួងសួងសូមបដិសន្ធិវិញ្ញាណរបស់លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអញ្ជើញ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតប្រែជាប្រការដទៃឡើយ។

សូមបញ្ជាក់ថា លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានទទួលមរណភាពនៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

សពលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕