(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត ងួន ញិល អនុប្រធានទី១រដ្ឋសភា ដែលបានធ្វើមរណកាលកាលពីថ្ងៃម្សិលមិញនេះ។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះ សម្តេច គង់ សំអុល បានសម្តែងនូវក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់លោកបណ្ឌិត ងួន ញិល ជាមួយនឹងក្រុមគ្រួសារសព។

សម្តេច គង់ សំអុល បានគូសបញ្ជាក់ថា មរណភាពរបស់លោកបណ្ឌិត ងួន ញិល គឺជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតីបម្រើប្រទេសជាតិ។

សម្តេច គង់ សំអុល ក៏បានវាយតម្លៃខ្ពស់បំផុតចំពោះវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់ លោកបណ្ឌិត ងួន ញិល ដែលបានចូលរួមចំណែកតស៊ូ រំដោះប្រទេសជាតិ និងអភិវឌ្ឍជាតិមាតុភូមិនៅគ្រប់កាលៈទេសៈពិសេសបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ នាពេលកន្លងមក។

សូមបញ្ជាក់ថា លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានទទួលមរណភាពនៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

សពលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕