(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរំកិលកាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលគ្រោងរៀបចំនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ទៅថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១វិញ។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកានេះ។

បើតាមលោក រស់ សុវាចា ការកំណត់កាលបរិច្ឆេតប្រឡងបាក់ឌុបថ្មីនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានប្រជុំវាយតម្លៃស្ថានការណ៏ ដើម្បីបន្តរៀបចំការប្រឡងបាក់ឌុប នារសៀលថ្ងៃ០៥ វិច្ឆិកា ២០២១។

លោកបញ្ជាក់ថា ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា ការពន្យារពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ ដើម្បីឲ្យសិស្សានុសិស្សមានពេលគ្រប់គ្រាន់ដើម្បីរៀនសម្រាប់ប្រឡង។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២១។ ប៉ុន្តែពេលនេះ ត្រូវពន្យារពេលដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១វិញ។

ជាមួយគ្នានេះ សម្រាប់បវេសនកាលឆ្នាំសិក្សា២០២១-២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២៕