(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងលើកទី១ និងលើកទី២ រួចរាល់ហើយប្រើប្រាស់កន្ទុយសន្លឹក ឫកាតក្រសួងការពារជាតិ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី៣ (ដូសជុំរុញ) នៅ៤ទីតាំងផ្សេងៗគ្នា រួមមាន៖ មណ្ឌលចាក់វ៉ាក់សាំងវិហារឥស្លាមគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១, មណ្ឌលចាក់វ៉ាក់សាំងវត្តទួលសន្តិវ័ន្ដ (វត្តទួលអស់លោក) សង្កាត់គីឡូម៉ែត្រលេខ៦, មណ្ឌលចាក់វ៉ាក់សាំងវត្តឧត្តរាវត្តី សង្កាត់ឫស្សីកែវ និងមណ្ឌលចាក់វ៉ាក់សាំងវត្តទួលសុវណ្ណារាម (វត្តទួលសង្កែ) សង្កាត់ទួលសង្កែទី១។

បន្ថែមពីនេះ លោក ឯក ឃុនដឿន ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងលើកទី១ និងលើកទី២ រួចរាលហើយប្រើប្រាស់កាតចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាល សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី៣ (ដូសជុំរុញ) ជាមួយការទទួលចាក់លើកទី១ និងលើកទី២ ផងដែរ នៅ២ទីតាំងផ្សេងគ្នា រួមមាន៖ មណ្ឌលចាក់វ៉ាក់សាំង មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ សង្កាត់គីឡូម៉ែត្រលេខ៦ និងមណ្ឌលចាក់វ៉ាក់សាំង មណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១។

ការអំពាវនាវ ក៏ដូចជាការជូនដំណឹងរបស់លោកអភិបាលខណ្ឌឫស្សីកែវ បានធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងលើកទី៣ (ដូសជុំរុញ) ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ទាំង៧ ដែលមានចំនួន៦ទីតាំងផ្សេងៗគ្នា ក្រោយពីមានកិច្ចសហការពីក្រសួងការពារជាតិ ក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅវត្តទួលសន្តិវ័ន្ដ (វត្តទួលអស់លោក) ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ និងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ខានស្អែកនេះ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌឫស្សីកែវ សូមក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលត្រូវទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាសតម្រង់ជួរ ជៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នាដោយត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយឈរលើស្មារតី សហគមន៍ គ្រួសារ និងស្រលាញ់អាយុជីវិតផ្ទាល់ខ្លួន ក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយដើម្បីឈានទៅកាត់ផ្ដាច់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងរាជធានីភ្នំពេញ ឱ្យបានឆាប់ៗនាពេលខាងមុខ៕