(ភ្នំពេញ)៖ លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលរងការពិន័យមិនឱ្យចូលប្រជុំសភា១៥ដង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីលោកបានចាកចេញទៅអាមេរិក កាលពីពាក់កណ្តាលឆ្នាំ២០១៥។

លោក អ៊ុំ សំអាន បានប្រកាសថា នឹងបន្តកិច្ចការមួយចំនួនទៀត ដោយផ្តល់លើ ជនអន្តោប្រវេសន៍ខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ដីសម្បទានឲ្យទាហានវៀតណាម ក្រុមហ៊ុនវៀតណាម ជាដើម។

នៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី១០ ខែមេសានេះ លោក អ៊ុំ សំអាន បានប្រកាសយ៉ាងដូច្នេះថា «ខ្ញុំបានមកដល់មាតុភូមិវិញហើយ តាមព្រលានយន្តហោះអន្តរជាតិសៀមរាប។ ខ្ញុំនឹងបន្តកិច្ចការក្នុង​នាមជាអ្នក​តំណាងរាស្រ្ត ដើម្បីការពារ​បូរណភាពទឹកដី និងបញ្ហាដទៃទៀត​ដូចជាជន​អន្តោប្រវេសន៍​ខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ដីសម្បទានឲ្យ​ទាហាន​វៀតណាម ក្រុមហ៊ុនវៀតណាម...»

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ លោក អ៊ុំ សំអាន តំណាងរាស្រ្តខេត្តសៀមរាប ត្រូវបានសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដាក់ទណ្ឌកម្មវិន័យមួយចំនួន បន្ទាប់ពីសកម្មភាព ផ្សាយតាម​បណ្តាញព័ត៌​មានសង្គម ប៉ះពាល់ដល់កិត្យានុភាពរបស់រដ្ឋសភា និងការជេរប្រមាថមើលងាយប្រធានរដ្ឋសភា ដែលផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។

ទណ្ឌកម្មចំពោះ លោក អ៊ុំ សំអាន រួមមាន ១- កាត់ប្រាក់បំណាច់ប្រចាំខែ ហាសិបភាគរយក្នុង រយៈពេល ២ខែ។ ២- ប្រកាសផ្សាយជាសាធារណៈនូវសម្រង់កំណត់ហេតុបន្ទោស ព្រមទាំងយកទៅ​បោះពុម្ព ហើយបិទនៅគ្រប់ឃុំក្នុងមណ្ឌលខេត្តសៀមរាប។ ៣- ហាមមិនឲ្យចូលធ្វើការក្នុងរដ្ឋសភា ក្នុងវេលា ១៥ពេលប្រជុំជាបន្តបន្ទាប់ផងដែរ៕