(កំពង់ធំ)៖ មន្រ្តីចូលនិវត្តន៌ នៃមន្ទីរសុខាភិបាលខេត្តកំពង់ធំម្នាក់ បានត្អូញត្អែរថា ពួកគេជាង២០នាក់ នៅមិនទាន់បានប្រាក់បំណាច់ចុងក្រោយនោះទេ សម្រាប់ឆ្នាំ២០១៥ ខណ:មន្រ្តីនៅមន្ទីរ​ផ្សេងទៀត បានទទួលរួចហើយ។

មន្រ្តីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ Fresh News ថា «ពួកខ្ញុំ ជាង២០នាក់ ចេះតែឆ្ងល់ថា ហេតុអី មកដល់ពេលនេះហើយ នៅមិនទាន់ទទួល​បានប្រាក់​​បំណាច់ចុង​ក្រោយ​ទៀត ដែលម្នាក់ៗ ត្រូវទទួលមួយឆ្នាំ និងខ្លះទៀត៨ខែ ខណ:ដែលមន្ទីរផ្សេងទៀត គឺពួកគេបានទទួលរួចហើយហ្នឹង»

មន្រ្តីរូបនេះ បានលើកឡើងថា ប្រាក់ទាំងនេះ គឺអាចជួយសម្រួលបានយ៉ាងច្រើន លើការចំណាយផ្សេងៗ និងអាចយកទៅរកសីុថែមទៀតផង តែបែរជាមិនទាន់ទទួលបានទៅវិញ ដូច្នេះលោក និងមន្រ្តីផ្សេង​ទៀត​សូមស្វែង​រកអន្តរាគមន៍ ពីប្រមុខនៃរាជ​រដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយផង។

ជុុវិញការលើកឡើងរបស់មន្រ្តីចូលនិវត្តន៍ខាងលើនេះ Fresh News មិនទាន់អាចស្វែង​រកការពន្យល់ និងបកស្រាយពីអ្នក​នាំពាក្យ​ក្រសួងសុខា​ភិបាល​បានទេ ដោយទូរស័ព្ទ​របស់​លោកស្រី គ្មានអ្នក​ទទួល នៅរសៀល​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦នេះ៕