(ឥណ្ឌា)៖ ក្រុមជួយសង្គ្រោះបានបញ្ជាក់ឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ឆេះ​វិហារ Paravoor Kollam នៅក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៧៣នាក់ ខណៈ​អ្នករបួស​កើន​ឡើងដល់ជាង ២០០នាក់ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន CNN ចេញផ្សាយ Update មុននេះបន្ដិច។

បើតាមការបញ្ជាក់បន្ថែមមុននេះ បានឲ្យដឹងថា មានអ្នករបួសមួយចំនួនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​ធំនៅក្នុងរដ្ឋ Kerala ដោយសារតែស្ថានភាពនៃរបួសធ្ងន់ធ្ងរ មិនអាចទុកព្យាបាល​នៅក្នុងមន្ទីរពេទ្យ​ក្នុងតំបន់បាន។

ប្រភពព័ត៌មានក្រៅផ្លូវការបានបញ្ជាក់ថា អាជ្ញាធរក្នុងតំបន់អាចនឹង​ទទួលបានការពិន័យ ដោយសារតែពិធីបុណ្យត្រូវបាន​ ​រដ្ឋាភិបាលចេញច្បាប់​មិនអ​នុញ្ញាតឲ្យប្រើប្រាស់កាំជ្រួច ដោយហេតុតែ​ជារៀងរាល់​ឆ្នាំ​មានមនុស្សស្លាប់ និងរបួស ​ដោយសារ​ការអុច កាំជ្រួចនេះ ដូច្នេះហើយទើបចេញបំរាម ប៉ុន្តែនៅឆ្នាំនេះបែរជាមានពិធីបុណ្យកាំជ្រួយ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាន ៣៖៣០នាទីទាបភ្លឺ ជាព្រឹកថ្ងៃនៃការរៀបចំពិធីបុណ្យ​ Vishu ជាពិធីបុណ្យសាសនាហិណ្ឌូ ដែលតែងតែប្រារព្វ​ធ្វើឡើងនៅក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌា៕