(ជប៉ុន)៖ តាមរយៈស្ថានកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំនៅទីក្រុង Sendai ប្រទេសជប៉ុន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក SHOJI YUSUNOKI

ប្រធានតំណាងឲ្យក្រុម TUX PROJECT បានផ្តល់រថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ជូនទៅស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន។ អំណោយនេះជាតំណាងនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

ជំនួសមុខឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកឯកអគ្គរាជទូត អ៊ុង រចនា លោកបានជូនលិខិតថ្លែងអំណរគុណទៅក្រុម TUX PROJECT និងលោក SUSUMU TAI កុងស៊ុលកិត្តិយកកម្ពុជា ប្រចាំនទីក្រុង Sendai ប្រទេសជប៉ុន ដែលបានផ្តល់ជាថវិការមួយចំនួនដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺCOVID-19 ។

នៅក្នុងពិធីនោះផងដែរក្រុម TUX PROJECT និងសប្បុរសជនជប៉ុនផ្សេងទៀតបានច្រៀងចម្រៀងពីរបទទុកជាអនុស្សាវរីយ, ចម្រៀងជប៉ុនគឺបទ «Nada Souso» និងបទចម្រៀងកម្ពុជាគឺបទ «អារ៉ាប់ពីយ៉ា» ហើយមន្រ្តីស្ថានទូតទាំងអស់គ្នា ក៏បានចូលរួមច្រៀងជាមួយគ្នា យ៉ាងសប្បាយរីករាយផងដែរ។

សូមបញ្ជាក់ថា គម្រោង «TUX PROJECT» បានជួយឧបត្ថម្ភគាំទ្រដល់បងប្អូនខ្មែរ ដែលកំពុងរស់នៅប្រទេសជប៉ុន តាំងពីឆ្នាំ២០២០មក។ គម្រោងនេះក៏បានបង្កើតវិទ្យាស្ថានបច្ចេកវិទ្យា IT មួយ ដែលមានឈ្មោះថា «TUX GLOBAL INSTITUTE» ដែលជាវិទ្យាស្ថានបណ្តុះបណ្តាលព័ត៌មានវិទ្យា នៅរាជធានីភ្នំពេញ។

ទន្ទឹមហ្នឹងនេះគម្រោង «TUX PROJECT» បានចូលរួមសកម្មភាពសង្គមផ្សេងៗ ដែលទាក់ទងទៅនឹងការគាំទ្រវិស័យអប់រំ ដូចជាការផ្តល់ជូននូវសម្ភារៈសិក្សាទៅសាលាបឋមសិក្សា នៅតាមជនបទដាច់ស្រយាល់ផងដែរ។

គម្រោង «TUX PROJECT» ប្តេជ្ញាថា នឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយប្រជាជនកម្ពុជា លើវិស័យផ្សេងៗឲ្យកាន់តែមានតម្លាភាព ក្នុងនាមទំនាក់ទំនងល្អ ប្រជាជនល្អ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន៕