(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះយោធិនចូលនិវត្តន៍ និងយោធិនពិការ ដែលបានលះបង់ពេលវេលាមានតម្លៃក្នុងជីវិត រួមចំណែកកសាង ការពារ និងអភិវឌ្ឍន៍មាតុភូមិកន្លងមក ។

ការថ្លែងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅអគ្គបញ្ជាការដ្ឋាន។

យោងតាមព្រះរាជក្រឹត្យ អនុក្រឹត្យ និង ប្រកាស ឆ្នាំ២០២១ បានសម្រេចដាក់ឲ្យយោធិនអាជីពទាំងពីរភេទ ចំណុះអគ្គបញ្ជាការ ចូលនិវត្តន៍ និងផ្ទេរយោធិនពិការចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ មានចំនួនសរុប ២០៦ នាក់ ក្នុងនោះយោធិនចូលនិវត្តន៍ចំនួន ១៣៨ នាក់ និងយោធិនពិការចំនួន ៦៨ នាក់ ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ពលិកម្មប្រកបដោយវីរភាពស្មារតីស្នេហាជាតិរបស់យោធិនចូលនិវត្តន៍ និងយោធិនពិការ នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការបានបន្តថា ទោះបីពេលនេះអស់លោក លោកស្រី ត្រូវដាក់ឲ្យចូលនិវត្តន៍ និងផ្ទេរចេញពីជួរកងយោធពលខេមរភូមិន្ទក៏ពិតមែន តែរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៅតែបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូន និងក្តីស្រឡាញ់រាប់អានជាអតីតយុទ្ធមិត្ត តាមរយៈការរៀបចំឱ្យមានពិធីជួបជុំ ផ្សារភ្ជាប់មនោសញ្ចេតនានៅតាមអង្គភាព ស្ថាប័ន ដែលខ្លួនធ្លាប់បានបំពេញភារកិច្ច ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានផ្តាំផ្ញើដល់និវត្តជន និងយោធិនពិការទាំងអស់ ឲ្យបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុ ភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ ព្រមទាំងចូលរួមការពារសន្តិភាព និងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន ៕