(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញសេចក្ដីណែនាំ ចំនួន៣សំខាន់ៗ និងទុករយៈពេល១សប្ដាហ៍ប៉ុណ្ណោះ (៧ថ្ងៃ) ដើម្បីត្រៀមចាត់វិធានការរដ្ឋបាល វិធានការច្បាប់ និងមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់ទ្រព្យសម្បត្តិឡើយ ចំពោះបង-ប្អូនម្ចាស់អាជីវកម្ម និងអ្នកលក់ដូរគ្រប់ប្រភេទ នៅតាមបណ្ដោយផ្លូវលេខ២៤៥ (ផ្លូវម៉ៅសេទុង) ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ជា ពិសី បានលើកឡើងថា ការសម្រេចទុកពេល១សប្ដាហ៍ (៧ថ្ងៃ) និងវិធានការរដ្ឋបាលចំនួន៣ សម្រាប់បង-ប្អូនម្ចាស់អាជីវកម្ម និងអ្នកលក់ដូរគ្រប់ប្រភេទ នៅតាមបណ្ដោយផ្លូវលេខ២៤៥ (ផ្លូវម៉ៅសេទុង) រួមមាន៖ ១-បញ្ឈប់ការប្រកបអាជីវកម្មលក់ដូរទំនិញគ្រប់ប្រភេទលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈជាដាច់ខាត។ ២-មិនអនុញ្ញាតឱ្យមានការចត ឫឈប់យានយន្ដដឹកជញ្ជូនទំនិញ ដើម្បីផ្ទេរទំនិញគ្រប់ប្រភេទ តាមគ្រប់មធ្យោបាយនៅលើចិញ្ចើម និងទ្រូងផ្លូវសាធារណៈ នៅលើកំណាត់ផ្លូវលេខ២៤៥ (ចាប់ពីផ្លូវលេខ១៨២ ដល់ផ្លូវលេខ៣៣៦)។ ៣-ចំពោះបង-ប្អូនដែលប្រកបអាជីវកម្មគ្រប់ប្រភេទនៅក្នុងដីកម្មសិទ្ធិផ្ទាល់ខ្លួន ដែលមិនទាន់មានលិខិតអនុញ្ញាតបើកអាជីវកម្ម សូមបង-ប្អូនស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មនៅការិយាល័យច្រកចេញ-ចូលតែមួយខណ្ឌទួលគោក។

លោក ជា ពិសី បានលើកឡើងទៀតថា ការត្រៀមចាត់វិធានការរដ្ឋបាល វិធានការច្បាប់ ដោយមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់ទ្រព្យសម្បត្តិ ចំពោះបង-ប្អូនម្ចាស់អាជីវកម្ម និងអ្នកលក់ដូរគ្រប់ប្រភេទ នៅតាមបណ្ដោយផ្លូវលេខ២៤៥ (ផ្លូវម៉ៅសេទុង) នេះគឺបានអនុវត្តឡើង ក្នុងគោលបំណង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការរក្សាសណ្ដាប់ធ្នាប់សាធារណៈ ឱ្យមានរបៀបរៀបរយតាមដងផ្លូវ និងលើកកម្ពស់សោភ័ណ្ឌភាពឱ្យបានល្អប្រសើរ ក្រោយពីរដ្ឋបាលខណ្ឌ សង្កេតឃើញថា មានបង-ប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងអ្នកលក់ដូរគ្រប់ប្រភេទ បានធ្វើឱ្យមានការកកស្ទះចរាចរណ៍ និងការចោលសំរាមគ្មានសណ្ដាប់ធ្នាប់បណ្ដាលឱ្យមានការកកស្ទះប្រព័ន្ធលូនៅពេលភ្លៀងធ្លាក់ម្ដងៗ និងធ្វើឱ្យបាត់បង់សោភ័ណ្ឌភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈ៕