(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតបដិសេធជុំវិញខ្លឹមសារ នៃការជូនដំណឹងផ្តល់អាហាររូបករណ៍របស់ «សមាគមស្ត្រីដើម្បីសង្គម» ដែលប្រកាសផ្តល់អាហារូបករណ៍ ៥០ភាគរយ ចំនួន២,៥០០កន្លែង និង១០០ភាគរយ ចំនួន៥០០កន្លែង ដល់សិស្ស និស្សិត ចូលសិក្សានៅតាមសកលវិទ្យាល័យមួយចំនួន។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ «នាពេលថ្មីៗនេះ សមាគមស្ត្រីដើម្បីសង្គម បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការផ្តល់អាហារូបករណ៍ ៥០% ចំនួន ២,៥០០កន្លែង និង១០០% ចំនួន ៥០០កន្លែង នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាននានារួមមាន៖

*ទី១៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
*ទី២៖ សាកលវិទ្យាល័យកម្ពុជា
*ទី៣៖ សាកលវិទ្យាល័យបញ្ញាសាស្រ្ត
*ទី៤៖ សាកលវិទ្យាល័យន័រតុន
*ទី៥៖ សាកលវិទ្យាល័យវេស្ទើន
*ទី៦៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដោយតម្រូវឱ្យសិស្សានុសិស្សទៅដាក់ពាក្យស្នើសុំអាហារូបករណ៍នៅសមាគមរបស់ខ្លួន។

ក្រសួងអប់រំ បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា៖ «ករណីនេះ គ្រឹះស្ថានឧត្តមសិក្សាខាងលើបានបញ្ជាក់ថា មិនមានកម្មវិធីផ្តល់អាហារូបករណ៍ តាមរយៈ (សមាគមស្ត្រីដើម្បីសង្គម) នោះទេ និងសូមធ្វើការបដិសេធចំពោះ ខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើ»

ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្សានុសិស្ស និងសាធារណជនទាំងអស់ កុំចាញ់បោកការឃោសនាបំភ្លើស បោកប្រាស់ ដែលនាំឱ្យមានការភ័ន្តច្រឡំ និងខូចខាតប្រយោជន៍ផ្សេងៗ ដោយប្រការណាមួយ និងសូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជួយផ្សព្វផ្សាយ និងទប់ស្កាត់ ការឃោសនាបំផ្លើស បោកប្រាស់ខាងលើឱ្យបានទាន់ពេលវេលា និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕