(បាងកក, ថៃ)៖ លោកឧបនាយករដ្ឋមន្ត្រី វិស្នុ គ្រឿងង៉ាម ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបនៃរាជរដ្ឋាភិបាលថៃ ចង់ឃើញកម្ពុជា និងថៃ ដែលជាប្រទេសភូមិផង និងមានសក្តានុពលទេសចរណ៍ដូចគ្នានោះ ពង្រីកសកម្មភាពទេសចរណ៍ឱ្យបានកាន់តែប្រសើរថែមទៀត នៅក្រោយវិបត្តិជំងឺកូវីដ១៩ ឬក្រោយពេលបើកសកម្មភាពទេសចរណ៍ឡើងវិញ។

បំណងរបស់មន្ត្រីជាន់ខ្ពស់ថៃរូបនេះ បានលើកឡើងក្នុងពេលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍នាពេលថ្មីៗនេះ។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី វិស្នុ គ្រឿងង៉ាម និងលោកបណ្ឌិត សុខ សុក្រឹត្យា បានជជែកពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា ជាពិសេសវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

លោក វិស្នុ គ្រឿងង៉ាម បានមើលឃើញថា ប្រទេសថៃ និងកម្ពុជា ដែលជាប្រទេសមានភូមិផងរបងជាប់គ្នា ហើយមានសក្តានុពលលើវិស័យទេសចរណ៍ផ្នែកវប្បធម៌ និងទេសចរណ៍ធម្មជាតិ គឺជាអំណោយផលខ្ពស់សម្រាប់ការទាក់ទាញអ្នកទេសចរបរទេស។

លោក វិស្នុ គ្រឿងង៉ាម ក៏បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលថៃ បើកចិត្តយ៉ាងទូលាយក្នុងការជំរុញវិស័យទេសចរណ៍ជាមួយកម្ពុជា។ ជាពិសេសចង់មានកិច្ចសហប្រតិបត្តិការជំរុញអ្នកទេសចរដែលចូលថៃ អាចហួសមកដល់កម្ពុជា។

លោកបណ្ឌិត សុខ សុក្រឹត្យា បានស្វាគមន៍នូវបំណងរបស់លោកឧបនាយករដ្ឋមន្ត្រី ហើយនេះក៏ជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បានផងដែរ។ លោក សុខ សុក្រឹត្យា សន្យាលើកយកបំណងនេះ ទៅជម្រាបប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ក្រៅតែពីបញ្ហាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ហើយនោះ លោកបណ្ឌិត សុខ សុក្រឹត្យា និងលោក វិស្នុ គ្រឿងង៉ាម ក៏បានលើកឡើងនូវបញ្ហាមួយចំនួនទៀត ដូចជាការកិច្ចសហប្រតិបត្តិការក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលករខ្មែរនៅថៃជាដើម។ ពាក់ព័ន្ធបញ្ហានេះ លោក វិស្នុ គ្រឿងង៉ាម បានគូសបញ្ជាក់ថា កម្ពុជា អាចបញ្ជូនវ៉ាក់សាំងទៅថៃ ដើម្បីភាគីថៃជាអ្នកចាក់ ហើយភាគីកម្ពុជា អាចចូលរួមសង្កេតការណ៍។

សូមបញ្ជាក់ថា ក្នុងជំនួបនេះលោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានជម្រាបពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកក្នុងប្រទេសថៃ ហើយបានជម្រាបពីជំនួបមួយចំនួនរបស់លោកជាមួយមន្ត្រីជាន់ខ្ពស់របស់ថៃ ក៏ដូចជាបានចុះសិក្សាលើវិស័យទេសចរណ៍នៅតាមបណ្តាខេត្តមួយចំនួនរបស់ថៃ។

លោកបណ្ឌិត សុខ សុក្រឹត្យា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងការកសាងទំនាក់ទំនងល្អរវាងអ្នកនយោបាយខ្មែរជំនាន់ថ្មី និងអ្នកនយោបាយថៃបច្ចុប្បន្ន ក៏ដូចជាការផ្លាស់ប្តូរយោបល់ និងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ទាំងក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩។

លោក វិស្នុ គ្រឿងង៉ាម បានស្វាគមន៍កក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក សុខ សុក្រឹត្យា នៅក្នុងប្រទេសថៃ។ លោក ក៏បានរំលឹកពីការកោតសរសើរមួយចំនួនរបស់មន្ត្រីជាន់ខ្ពស់ថៃ ពីការងាររបស់លោក សុខ សុក្រឹត្យាផងដែរ។
លោក វិស្នុ គ្រឿងង៉ាម បានបង្ហាញក្តីរំពឹងថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត សុខ សុក្រឹត្យា នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា ជាពិសេសវិស័យទេសចរណ៍កាន់តែល្អប្រសើរ៕