(ភ្នំពេញ)៖ លោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័នសហគមន៍កសិកម្មកម្ពុជា បានអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ដើម្បីរួមគ្នាគាំទ្រ និងជួយលើកកម្ពស់វិស័យកសិកម្ម នៅតាម ទីជនបទ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកាត់បន្ថយភាពក្រីក្រនៅតាមទីជនបទ។

ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីសមាជិក វេទិកាសម្ព័ន្ធ សង្គមស៊ីវិល រួមទាំងសមាជិកប្រឹក្សាភិបាលសម្ព័ន សហគមន៍កសិកម្មកម្ពុជាជាច្រើនរូបផងដែរ។

លោកឧកញ៉ា ហង់ សុគន្ធ បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺផ្តោតសំខាន់ការលើកកម្ពស់ការសិក្សាស្រាវជ្រាវរបស់ស្ថាប័នទាំងពីរ ក្នុងការចូលរួមចំ ណែកអភិវឌ្ឍវិស័យកសិកម្ម ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅជនបទ និងធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ នៅកម្ពុជា។

លោកឧកញ៉ា ហង់ សុគន្ធ បានបន្ថែមថា ដើម្បីសម្រេចបានគោលដៅនេះភាគីនឹងត្រូវធ្វើសហប្រតិបត្តិការគ្នា ដោយផ្អែកលើគោលការណ៍សមភាព ការគោរព និងផ្តល់ផល ប្រយោជន៍ទៅវិញ ទៅមកលើវិសាលភាពដូចជា៖ ការចែករំលែកព័ត៌មាន និងបទពិសោធន៍ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការអភិវឌ្ឍសហគមន៍កសិកម្ម, ការពង្រឹង និងពង្រីកសមត្ថភាពរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម តាមរយៈការបណ្តុះបណ្តាល និងការផ្សព្វផ្សាយអប់រំ អំពីគោលនយោបាយ និងបច្ចេកទេសពាក់ព័ន្ធនានា។

ការសហការសិក្សា និងអនុវត្តគម្រោងរួមគ្នា ក្នុងក្របខ័ណ្ឌនៃការគាំទ្រសហគមន៍កសិកម្ម, ការសហការក្នុងការស្វែងរក ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដើម្បីចូលរួមគាំទ្រ អភិវឌ្ឍសហគមន៍កសិកម្មនៅកម្ពុជា និងការសហការរៀបចំការសិក្សាស្រាវជ្រាវ សន្និសីទសិក្ខាសាលា ការបណ្តុះបណ្តាល និងកិច្ចពិភាក្សាតុមូលក្នុងគោលបំណង ផ្សព្វផ្សាយនិងពង្រឹងតួនាទីរបស់សង្គមស៊ីវិល និងសហគមន៍កសិកម្មក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងដើរតួរជួយជាអ្នកសម្របសម្រួល និងផ្សារភ្ជាប់អង្គការ សង្គមស៊ីវិលនានា ជាដៃគូរទាំងជាតិ និងអន្តរជាតិ ជាមួយនឹងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដើម្បីបានជួយពិភាក្សាគ្នា និងផ្តាស់ប្តូរយោបល់គ្នា ដោយពិនិត្យលទ្ធភាព ក្នុងការរកកិច្ចសហប្រតិបត្តិការជាក់លាក់ជាមួយគ្នា ដើម្បីរួមគ្នាជួយដល់វិស័យកសិកម្ម។

លោក កឹមរ័ត្ន វិសិដ្ឋ បានបន្ថែមថា នៅក្នុងចំណោមដៃគូរសហប្រតិបត្តិការអន្តរជាតិជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល អង្កការសង្គមស៊ីវិលចិន បានបង្ហាញគោលចំណង ជាច្រើនក្នុងការសហការជាមួយអង្គការសង្គមស៊ីវិលនៅកម្ពុជា ក្នុង វ.ស.ស នឹងខិតខំស្វែងរកអង្គការសង្គមស៊ីវិលមិត្តចិន ដែលមានបំណងធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម ដើម្បីសហការជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ក្នុងការជួយឱ្យវិស័យកសិកម្មនៅកម្ពុជា កាន់តែរីកចំរើនផងដែរ៕