(ភ្នំពេញ)៖ កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ដែលប្រទេសកម្ពុជា និងប្រទេសមួយចំនួនទៀតកំពុងទន្ទឹមរង់ចាំ នឹងចូលជាធរមាន នៅខែមករាឆ្នាំ២០២២ខាងមុខនេះ បន្ទាប់ពីការផ្តល់សច្ចាប័ននៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសជាដៃគូ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែង ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ។

សម្តេចតេជោបានមានប្រសាសន៍ថា បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមានទីផ្សារនាំចេញរបស់កម្ពុជា នឹងកាន់តែមានទំហំធំ ហើយកម្ពុជានឹងខិតខំកែច្នៃផលិតផលឱ្យមានគុណភាព ដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។

សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីផ្សារបស់យើងកាន់តែបើកទូលាយ យើងខិតខំផលិតដើម្បីនាំចូលទៅទីផ្សារតែម្តង កែច្នៃធ្វើម៉េច ឱ្យផលិតផលរបស់យើងប្រកួតប្រជែង បាននៅលើទីផ្សារអន្តរជាតិ»

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣ វិច្ឆិកានេះថា បន្ទាប់ពីកិច្ចព្រមព្រៀងអាសិប (RCEP) ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២០កន្លងទៅរួចមក កម្ពុជាបានខិតខំពន្លឿននីតិវិធីផ្ទៃក្នុងរបស់ខ្លួន ដើម្បីស្នើសុំការផ្តល់សច្ចាប័ន សំដៅកិច្ចព្រមព្រៀងអាសិប អាចចូលជាធរមានបាននៅដើមឆ្នាំ២០២២ខាងមុខនេះ។

លោកបន្តថា ទោះបីជាជួបប្រទះបញ្ហាលំបាកបង្កឡើងដោយជំងឺកូវីដ១៩ ក្រសួងពាណិជ្ជកម្មនៅតែបន្តដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ទាំងផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ជាច្រើនលើកច្រើនសារ រហូតទទួលបានការផ្តល់សច្ចាប័នកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ និងបានដាក់តម្កល់លិខិតុបករណ៍ នៃការផ្តល់សច្ចាប័ន ទៅអគ្គលេខាធិការអាស៊ាន កាលពីចុងខែតុលា ឆ្នាំ២០២១នេះ។

លោកបញ្ជាក់ថា បន្ទាប់ពីចូលជាធរមាននៅខែមករា ឆ្នាំ២០២២ខាងមុខ កិច្ចព្រមព្រៀងនេះនឹងត្រូវអនុវត្តភ្លាម។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបានសង្កត់ធ្ងន់ថា បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន មានសារៈសំខាន់បំផុតសម្រាប់កម្ពុជាក្នុងការផ្លាស់ប្តូរ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា ដែលស្របនឹងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩របស់កម្ពុជា យុទ្ធសាស្រ្តអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។ ការពិពិធកម្មទីផ្សារ និងទំនិញនាំចេញ ជាមួយអត្រាពន្ធទាបជាងមុន ទទួលបានភាពអនុគ្រោះ និងភាពបត់បែនច្រើន ក្នុងការអនុវត្តកាតព្វកិច្ចមួយចំនួន នៅក្រោមកិច្ចព្រមព្រៀងនេះដែលមានលក្ខណៈអំណោយផលសម្រាប់វិនិយោគិន ទទួលបានជំនួយបច្ចេកទេស ក្នុងការពង្រឹងលទ្ធភាព ដើម្បីទាញយកផលប្រយោជន៍ ពីកិច្ចព្រមព្រៀងនេះកាន់តែច្រើន។

របាយការណ៍សិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា (ERIA) បង្ហាញថា បន្ទាប់ពីកិច្ចព្រមព្រៀងអាសិបចូលជាធរមាន កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ នៃការនាំចេញចំនួន ៧.៣%, វិនិយោគចំនួន ២៣.៤% និងផលិតផលក្នុងស្រុកសរុបប្រមាណ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP គឺជាកិច្ចព្រមព្រៀងមានការចូលរួមប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហេតុនេះ RCEP នឹងជួយបើកច្រកពាណិជ្ជកម្មទៅជាតំបន់សេដ្ឋកិច្ចដ៏ធំមួយ សម្រាប់ទប់ទល់សេដ្ឋកិច្ចជាមួយតំបន់អឺរ៉ុប ដែលនឹងក្លាយជាបណ្តុំនៃការកសាងសហគមន៍រួមគ្នា នៃប្រព័ន្ធសេដ្ឋកិច្ចដែលធ្វើឱ្យថ្លៃដើមទាបជាងមុន បង្កើតសង្វាក់ផលិតកម្ម ទៅតាមប្រទេសនីមួយៗ បែងចែកកម្លាំងផលិតកម្មទៅតាមវិស័យ និងតាមកម្លាំងសមត្ថភាពផលិតនៃប្រទេសនីមួយៗ។ ព្រមជាមួយគ្នានេះ នឹងជំរុញឱ្យមានផលិតកម្មកាន់តែធំ តាមរយៈការកាត់បន្ថយនៃរបាំងពន្ធគយ។

លោកបន្តថា ដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងអាសិបនេះ កម្ពុជាត្រូវតែជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ លើកទឹកចិត្តឱ្យមានការវិនិយោគ ទៅលើវិស័យផលិតកម្មឱ្យបានច្រើន។

លោកលើកឡើងទៀតថា «អីចឹងមានន័យថា នៅក្នុងវិស័យ SME និងវិស័យឧស្សាហកម្មខ្នាតធំៗ ត្រូវតែជំរុញឱ្យមាន ជាជាងការវិនិយោគលើវិស័យអចលនទ្រព្យ ដែលជាកត្តាមួយរារាំង ទៅដល់វិស័យផលិតកម្មទាំងអស់នេះ»

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា កម្ពុជាបាន និងកំពុងសហការជិតស្និទ្ធជាមួយវិស័យឯកជនក្នុងស្រុក ដែលផ្តោតលើការនាំចេញ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពួកគេ អំពីអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត ដើម្បីពង្រឹងសមត្ថភាពនាំចេញភាពប្រកួតប្រជែង និងគោរពតាមលក្ខខណ្ឌបច្ចេកទេសប្រើប្រាស់ និងទាញយកឱ្យបានជាអតិបរមា នូវយន្តការក្រោមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសរួមមានការអភិវឌ្ឍសមត្ថភាព និងជំនាញបច្ចេកទេសការពង្រឹងស្ថាប័នលើកទឹកចិត្ត ដល់អ្នកវិនិយោគឱ្យផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាដល់ឧស្សាហកម្មក្នុងស្រុក ពិនិត្យលទ្ធភាពលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសនៅក្នុងវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្មធុនស្រាល ដោយជួយសម្រួលដល់ការនាំចេញ និងណែនាំអំពីនីតិវិធីពាក់ព័ន្ធបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទីក ដើម្បីកាត់បន្ថយថ្លៃដើម រួមមាន ថ្លៃផលិត និងថ្លៃដឹកជញ្ជូន។ ទាំងនេះគឺឱ្យ ទទួលបានផលប្រយោជន៍ជាអតិបរមាពី RCEP ក្រោយដាក់ឱ្យអនុវត្ត។

សូមជម្រាបថា កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មតំបន់គ្រប់ជ្រុងជ្រោយ មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូ ពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើមបង្កើតដំបូងនៅ ឆ្នាំ២០១២ នៅទីក្រុងភ្នំពេញ។
RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំនៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក៕