(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់​ការការងារ ព្រំដែនអគ្គបញ្ជាការ បានដាក់ផែនការ និងជំរុញទៅកម្លាំង​យោធានៃទីចាត់​ការព្រំដែន​ទាំងអស់​ត្រូវបង្កើន​កិច្ចសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធលើការទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព។

នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦នេះ ទីចាត់ការការងារព្រំដែនអគ្គបញ្ជា ការ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងដាក់ចេញ ទិសដៅបន្តត្រីមាសទី២ ឆ្នាំ២០១៦ ដែលកិច្ច​ប្រជុំនេះ​បានធ្វើឡើងនៅសាល ប្រជុំអគ្គបញ្ជាការដ្ឋាន ក្រោមអធិបតីភាពឧត្តមសេនីយ៏ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារ ព្រំដែនអគ្គបញ្ជាការ។

សេចក្តីរាយការណ៍ដែលបានលើកឡើង​ក្នុងកិច្ចប្រជុំនោះ បានគូសបញ្ជាក់ ពីលទ្ធផលស្នាដៃជាច្រើនដែលនាយទាហាន ពលទាហានរបស់ទីចាត់ការ ការងារព្រំដែនសម្រេចបាន តាមបទបញ្ជា​របស់អគ្គ​បញ្ជាការ ក្រសួងការ ពារជាតិ ជាពិសេសបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងកិច្ចការព្រំដែនជាមួយប្រទេសជិតខាង។

របាយការណ៏បានធ្វើការវាយ តម្លៃផងដែរពីសភាពការណ៍តាមបណ្តោយព្រំដែនប្រទេសទាំង៣ ដែលមកទល់ ពេលនេះ នៅតែរក្សាភាពស្ងប់ស្ងាត់បានល្អ ហើយកងកម្លាំងនីមួយៗនៅបាន ធ្វើការទំនាក់​ទំនង​គ្នាជាហូរហែរ បង្កើតបានស្មារតីយោគយល់ និងកិច្ច សហប្រតិបត្តិការតាមបណ្តោយព្រំដែន បង្កភាពងាយស្រួលដល់ប្រជាពល រដ្ឋបានចេញចូលឆ្លងដែនប្រកបអាជីវកម្ម និងដំណើរកំសាន្ត។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានសម្តែងនូវក្តីមោទនៈ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយទាហាន ពលទាហាន នៃទីចាត់ការការងារព្រំដែន ដែលក្នុងរយៈ​កាលកន្លងមកនេះ មានកិច្ចសហការគ្នាល្អ ក្នុងការបំពេញភារកិច្ច​តាមតួនាទីដែលបានប្រគល់​ឲ្យ។ នៅក្នុងទិដៅផែនការបន្តលោកឧត្តមសេនីយ៍​ សៀក សុជាតិ បានផ្តាំផ្ញើដល់ បណ្តាការិយាល័យ ផ្នែក និង​បុគ្គល ត្រូវយកចិត្តទុកដាក់ការគ្រប់គ្រង​ចំនួនទ័ព ការកសាងអង្គភាព និង​ការបំប៉នសមត្ថភាពបន្ថែម តាមការ​សិក្សាប្រព័ន្ធព័ត៌​មានវិទ្យា ប្រព័ន្ធបច្ចេកវិទ្យា(GPS) ភាសាបរទេស និង​ច្បាប់ជាតិ អន្តរជាតិ ដើម្បីបង្កើនសមត្ថភាពរដ្ឋបាល ជាពិសេស​ថ្នាក់​ការិយាល័យ និងប្រធានក្រុមការងារប្រចាំ​តាមបណ្តាច្រក ត្រូវចេះបញ្ជូន​ព័ត៌មានជាអក្សរ និងរូបភាពមក​ថ្នាក់លើ ដើម្បីក្តាប់សភាព​ការណ៍ និង រាយការណ៍​ជូនមកទីចាត់ការបាន​ទាន់ពេលវេលា៕


 ជាមួយនោះត្រូវ ចេះសហការជាមួយសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទប់ស្កាត់ឲ្យបាន រាល់បទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ មានដូចជា៖ ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងធ្វើកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងជាមួយប្រទេសជិត ខាងឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត៕

Advertising