(ភ្នំពេញ)៖ ដៃគូចំនួន៤ បានរួមគ្នាសន្យា ផ្តល់ប្រាក់ចំនួន៦៦៥លានដុល្លារ សម្រាប់វេទិកាគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានគោលបំណង ប្រមូលប្រាក់ចំនួន៤ពាន់លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលមានកាបូនទាប និងធន់នឹងអាកាសធាតុ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបង្កើនល្បឿន នៃការងើបឡើងវិញ ក្នុងតំបន់ពីជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ADB ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកានេះ។

មូលនិធិខាងលើ ដែលត្រូវបានប្រកាសនៅក្នុងសន្និសីទភាគីលើកទី២៦ (the 26th Conference of the Parties -- COP26) នៅទីក្រុង Glasgow រួមមាន ១១០ លានផោន (១៥១លានដុល្លារ) ពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស១៣២ លានអឺរ៉ូ (១៥៥ លានដុល្លារ) ពី Cassa Depositi e Prestiti (CDP) ដែលជាក្រុមផ្តល់កម្ចី រដ្ឋរបស់ប្រទេសអ៊ីតាលី៥០លានអឺរ៉ូ ពីសហភាពអឺរ៉ុប និង៣០០លានដុល្លារ ពីមូលនិធិអាកាសធាតុបៃតង។

ភាពជាដៃគូទាំងនេះ នឹងក្លាយជាផ្នែកមួយ នៃវេទិកាសម្រាប់ការងើបឡើងវិញបៃតង (Green Recovery Platform) ថ្មី ដើម្បីគាំទ្រដល់កិច្ច សម្របសម្រួល ហិរញ្ញវត្ថុបៃតងជាកាតាលីករ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN Catalytic Green Finance Facility -- ACGF) ដែលត្រូវបានបង្កើតឡើង ដោយមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrustructure Fund) និង គ្រប់គ្រងដោយ ADB ។

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Masatsugu Asakawa ដែលបានចូលរួមព្រឹត្តិការណ៍ខាងលើ ជាមួយរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេស អាស៊ាននិងដៃគូ បានថ្លែងថា «បណ្តាប្រទេសអាស៊ានមានឱកាសពិសេស ក្នុងការកសាងអនាគតបៃតង និងប្រកបដោយបរិយាប័ន្ន បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩។ វេទិកាសម្រាប់ការងើបឡើងវិញបៃតងថ្មីរបស់អាស៊ាន នឹងជួយពន្លឿនលំហូរ វិនិយោគ ដើម្បីគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ ប្រកបដោយនិរន្តរភាពបរិស្ថាន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌»។

ការផ្តល់មូលនិធិថ្មី នឹងបន្ថែមទៅលើការសន្យាផ្តល់ហិរញ្ញប្បទានចំនួន ១.៤ពាន់លានដុល្លារអាមេរិក ដែលបានតៀមរួចសម្រាប់ ACGF តាំងពីឆ្នាំ២០១៩ ដោយនឹងនាំមកនូវកញ្ចប់សន្យាសរុប២ពាន់លានដុល្លារ សម្រាប់ ACGF។ ដៃគូផ្តល់ហិរញ្ញប្បទានដំបូងដែលគាំទ្រដល់ ACGF រួមមាន ADB ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ធនាគារវិនិយោគអឺរ៉ុប ធនាគារអភិវឌ្ឍន៍រដ្ឋអាល្លឺម៉ង់ KfW និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។

អគ្គនាយកភាពជាដៃគូអន្តរជាតិនៃគណៈកម្មការអឺរ៉ុប លោក Koen Doens នាយកប្រតិបត្តិ នៃមូលនិធិអាកាសធាតុបៃតង (GCF) លោក Yannick Glemarec និង នាយកប្រតិបត្តិ AFD លោក Remy Rioux ក៏បានផ្តល់សន្ទរកថាក្នុងពិធីខាងលើដែរ។

លោកស្រី Elizabeth Truss រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស បានថ្លែងថា «ឆ្នាំនេះ ចក្រភពអង់គ្លេសបានក្លាយជាដៃគូសន្ទនាថ្មីដំបូងគេរបស់អាស៊ាន ក្នុងរយៈពេល ២៥ឆ្នាំ។ ឥឡូវនេះ យើងកំពុងធ្វើការរួមគ្នា ដើម្បីកសាងទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគឲ្យកាន់តែរឹងមាំ និងដោះស្រាយការប្រែប្រួលអាកាសធាតុ»។

លោកស្រីបន្ដថា «ការផ្តល់មូលនិធិចំនួន១១០លានផោន របស់ចក្រភពអង់គ្លេសសម្រាប់មូលនិធិ កិច្ចសម្របសម្រួលហិរញ្ញវត្ថុបៃតង ជាកាតាលីករនៃចក្រភពអង់គ្លេស និងអាស៊ាន នឹងជួយផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ ស្អាត ស្មោះត្រង់ និងអាចទុកចិត្តបាន ដល់ប្រទេសដែលត្រូវការវាបន្ទាន់ ដោយផ្តោតលើជំនាញរបស់ចក្រភពអង់គ្លេស លើបច្ចេកវិទ្យាបៃតង និង បង្កើតការងារនៅទូទាំងចក្រភពអង់គ្លេស»។

ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច សុខភាព និង សង្គម នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍។ វេទិកានេះ នឹងផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេស ដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគ និងជំរុញការផ្តល់ហិរញ្ញប្បទានសាធារណៈ និងឯកជន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង ដែលបង្កើតការងារ និង ជំរុញកំណើន។ វាក៏នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ានដែលកំពុងអភិវឌ្ឍ ដើម្បីសម្រេចបាន នូវគោលដៅអាកាសធាតុរបស់ពួកគេ ក្រោមកិច្ចព្រមព្រៀង ទីក្រុងប៉ារីស និង ជួយពួកគេពង្រឹងទីផ្សារមូលធនបៃតង ដូចជាតាមរយៈការពង្រីកការចេញសញ្ញាបណ្ណ បៃតង និង អាកាសធាតុជាដើម។

នាយកប្រតិបត្តិ CDP លោក Dario Scannapieco បានថ្លែងថា «នៅពេលដែលយើង កសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ ការប្តេជ្ញាចិត្តរបស់យើង ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព មិនត្រូវធ្លាក់ចុះឡើយ។ CDP ត្រៀមខ្លួន ជាស្រេច ដើម្បីដើរតួនាទីយ៉ាងសកម្ម ក្នុងការផ្តល់ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និង បរិយាប័ន្ន តាមរយៈការលើកកម្ពស់ភាពជាដៃគូស្ថាបនា ដូចជាការគាំទ្ររបស់យើងចំពោះ ACGF ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការងើបឡើងវិញសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និង បៃតងនៅក្នុងតំបន់ អាស៊ី អាគ្នេយ៍ និងដើម្បីរួមកម្លាំង ជាមួយធនាគារអភិវឌ្ឍន៍ជាតិផ្សេងទៀតដោះស្រាយ បញ្ហាប្រឈម បច្ចុប្បន្ន សម្រាប់មនុស្សជំនាន់នេះ និង មនុស្សជំនាន់ក្រោយ»

វេទិកាសម្រាប់ការងើបឡើងវិញបៃតងរបស់អាស៊ាន (ASEAN Green Recovery Platform) គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបង្កើនមហិច្ឆិតា របស់ខ្លួនសម្រាប់ការផ្តល់ហិរញ្ញប្បទានអាកាសធាតុ ឆ្នាំ២០១៩-២០៣០ រហូតដល់ ១០០ពាន់លានដុល្លារ ដោយធានាថាយ៉ាងហោចណាស់ ៧៥% នៃគម្រោងនឹងដោះស្រាយការកាត់បន្ថយ និង ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុអំឡុងឆ្នាំ ២០៣០៕