(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក ហេ កាន់ ដែលត្រូវជាស្វាមីលោកស្រីស៊ុន ម៉ាលី ទីប្រឹក្សា រាជរដ្ឋាភិបាល និងជាអតីតអភិបាលរងរាជធានីភ្នំពេញ។

ក្នុងលិខិតរំលកទុក្ខនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឱ្យដឹងថា «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោកហេ កាន់ ទីប្រឹក្សា រាជរដ្ឋាភិបាល និងជាអតីតអភិបាលរងរាជធានីភ្នំពេញ បានទទួលមរណភាពនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១:១១នាទីយប់ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ»

សម្ដេចបានចាត់ទុកថា «ការបាត់បង់ លោកហ កាន់ គឺជាការបាត់បង់នូវកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលមានស្នាដៃបទ ពិសោធន៍ជាច្រើនក្នុងការងារ ប្រកបដោយសមត្ថភាព វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ និងបានបូជាអស់ កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមចំណែកយ៉ាងសំខាន់កសាងជាតិមាតុភូមិកម្ពុជា ឱ្យសម្រេចបាននូវកិច្ច ការជាច្រើនរហូតមានការអភិវឌ្ឍន៍មកដល់សព្វថ្ងៃនេះ»

សម្តេចបានបន្តថា «ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ លោកហេ កាន់ ទទួលបាននូវសេចក្ដីសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាត ឡើយ»

ខាងក្រោមនេះជាសារលិខិតសម្តេចវិបុលសេនាភក្តី សាយ ឈុំ៖