(ព្រះសីហនុ)៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាមគ្គី បានចុះបង្រ្កាបករណីគ្រឿងញៀនមួយករណី ស្ថិតនៅចំណុចក្នុង ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ម៉ើត ហាម៉ាត់ អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់
*ទី២៖ ឈ្មោះ ប៉េង នឿន អាយុ៣១ឆ្នាំ មុខរបរជាងធ្វើឈើ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កម្លាំងនគរបាល ក៏បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៣កញ្ចប់ និងទូរស័ព្ទដៃចំនួន០៣គ្រឿង។

បន្ទាប់មកកម្លាំងនគរបាល បានបន្តនាំខ្លួនជនសង្ស័យឈ្មោះ ម៉ើត ហាម៉ាត់ យកទៅធ្វើការឆែកឆេរនៅផ្ទះដែលនៅក្នុងភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយដកហូតវត្ថុតាងរួមមាន៖

* ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៩ កញ្ចប់
* ថ្នាំគ្រាប់ពណ៍ក្រហមចំនួន០១ គ្រាប់កន្លះ
* ជញ្ជីងថ្លឹងចំនួន០១
* កាំភ្លើងកែរច្នៃចំនួន០១ដើម។

សូមបញ្ជាក់ថា ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនសរុបរួមមានចំនួន ១២កញ្ចប់។ បច្ចុប្បន្នកម្លាំងនគរបាលកំពុងកសាងសំណុំរឿងតាមនីតិវិធី៕